អេ អឹម ខេ ប្រគល់កង់ សម្ភារៈសិក្សា គ្រឿងបរិក្ខារ និងដាំដើមឈើ ជូនសាលាបឋមសិក្សាគងឆា ខេត្តកោះកុង

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធ «ពិធីប្រគល់ កង់       សម្ភារៈសិក្សា គ្រឿងបរិក្ខារ និងដាំដើមឈើ» ដល់សាលាបឋមសិក្សាគងឆា ខេត្តកោះកុង នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីអ្នកស្រី ពាំង ពិសាខ ប្រធាននាយិកាប្រតិបត្តិធនធានមនុស្ស និងអភិវឌ្ឍន៍ អេ អឹម ខេ ថ្នាក់គ្រប់គ្រង បុគ្គលិក លោកគ្រូ-អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។

សាលាបឋមសិក្សាគងឆា មានទីតាំងស្ថិតនៅក្នុងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ជាសាលារៀនមួយដែលស្ថិតនៅតំបន់ជនបទដាច់ស្រយាល និងឆ្ងាយពីផ្ទះអ្នកភូមិប្រមាណជាង ២០គីឡូម៉ែត្រ។ សាលានេះមានបន្ទប់រៀនចំនួន ៣ បន្ទប់ បណ្ណាល័យ ១ និងមានសិស្សានុសិស្សសរុប ១៥៤នាក់ (ក្នុងនោះសិស្សស្រីចំនួន ៦៦នាក់) ដែលកំពុងសិក្សាថ្នាក់ទី១ ដល់ថ្នាក់ទី៦ ព្រមទាំងមាននាយកសាលា និងលោកគ្រូសរុប ៥នាក់។

ស្របតាមបេសកកម្ម និងទំនួលខុសត្រូវក្នុងសង្គមរបស់ខ្លួន អេ អឹម ខេ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើសកម្មភាពសង្គមលើវិស័យផ្សេងៗ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ ក្នុងពិធីសប្បុរសធម៌នេះ អេ អឹម ខេ បានប្រគល់សម្ភារៈជាច្រើនមុខជូនដល់សិស្សានុសិស្ស និងសាលារៀន រួមមាន៖

ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងក៏មានសកម្មភាពផ្សេងៗទៀតផងដែរ រួមមានពិធីដាំដើមឈើក្នុងបរិវេណសាលា ការសម្តែងរឿងអប់រំខ្លីមួយពីកុមារ-កុមារី និងពិធីទទួលទានអាហារថ្ងៃត្រង់សាមគ្គី ដែលចម្អិនដោយ Benly Cooking សម្រាប់វត្តមានសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ អាជ្ញាធរ ថ្នាក់គ្រប់គ្រង និងបុគ្គលិក អេ អឹម ខេ ទាំងអស់ដែលបានចូលរួម។

អ្នកស្រី ពាំង ពិសាខ ប្រធាននាយិកាប្រតិបត្តិធនធានមនុស្ស និងអភិវឌ្ឍន៍ បានមានប្រសាសន៍ថា៖ «ក្នុងនាមជាថ្នាក់ដឹកនាំរបស់ អេ អឹម ខេ ខ្ញុំពិតជាមានអារម្មណ៍រីករាយ និងមោទកភាពយ៉ាងខ្លាំងដែល អេ អឹម ខេ បានរួមចំណែកជួយដល់សាលា និងកុមារា-កុមារីនៅក្នុងសាលាបឋមសិក្សាគងឆានេះ។ ការតាំងចិត្ត និងឆន្ទៈរបស់យើង គឺចូលរួមដោះស្រាយកង្វះខាតក្នុងសង្គម និងសហគមន៍ប្រកបដោយភាពវិជ្ជមាន ទាំងក្នុងវិស័យអប់រំ ឬវិស័យសុខាភិបាល ដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា និងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព»។ អ្នកស្រីបានបន្តថា៖ «យើងខ្ញុំប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងនៅតែបន្តគាំទ្រយ៉ាងសកម្មក្នុងការចូលរួមសកម្មភាពសង្គមសម្រាប់សហគមន៍ និងប្រទេសកម្ពុជាទាំងមូល ព្រមទាំងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដើម្បីកសាងអ្នកដឹកនាំគ្រប់ជំនាន់ប្រកបដោយគុណភាពខ្ពស់»។

អំពី អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាចំនួន ១៤៣ និងភ្នាក់ងារជិត ៧.០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន៕