ក្រុមហ៊ុនសាលា ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ អេ អឹម ខេ ដើម្បីផ្តល់ឥណទានសិក្សាជូនដល់សិស្សានុសិស្ស

រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ – ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុនសាលា និង អេ អឹម ខេ បានធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងគោលបំណងបង្កើតជាកិច្ចសហការ ក្នុងការផ្តល់ឥណទានសិក្សា ដើម្បីជំរុញលើកកម្ពស់ការគាំទ្រ ដល់សិស្សានុសិស្សទាំងនៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ អោយមានឱកាស បានបន្តការសិក្សាអោយបានខ្ពង់ខ្ពស់ ដើម្បីក្លាយជាទំពាំងស្នងឬស្សី និងបន្តអភិវឌ្ឍសង្គមជាតិផងដែរ ។

លោក សួន ពិសី ប្រធាននាយកប្រតិបត្តិអាជីវកម្ម របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានមានប្រសាសន៍ថា “បញ្ហាហិរញ្ញវត្ថុជាឧបសគ្គចម្បងក្នុងការទទួលបាន ការសិក្សានៅតាមសាកលវិទ្យាល័យក្នុងក្តីស្រមៃរបស់ខ្លួន ដោយសិស្សមួយចំនួនត្រូវបង្ខំចិត្តផ្អាកការសិក្សា ដើម្បីជួយសម្រាលបន្ទុកអាណាព្យាបាល។ នេះជាកត្តាជំរុញឲ្យ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ចាប់ដៃគូយុទ្ធសាស្រ្តជាមួយ ក្រុមហ៊ុនសាលាថេក ក្នុងការផ្តល់ជូនឥណទានការសិក្សា ដោយគ្មានទ្រព្យធានា និងជាមួយការប្រាក់យ៉ាងសមរម្យបំផុត ទៅដល់សិស្សានុសិស្សជំនាន់ថ្មី។ នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនដែល អេ អឹម ខេ តែងតែចូលរួមយ៉ាងសកម្មដើម្បីរួមចំណែកផ្តល់ជូនប្រជាជនដែលក្រលំបាក ដើម្បីទទួលបានឱកាសពង្រឹងជីវភាព តាមរយៈសេវាហិរញ្ញវត្ថុផ្សេងៗដូចជា កម្ចីអាជីវកម្ម កម្ចីគ្រឿងចក្រកសិកម្ម កម្ចីផ្ទាល់ខ្លួន កម្ចីអនឡាញ ដែលមានភាពងាយស្រួលក្នុងការដាក់ស្នើ លក្ខខណ្ឌងាយស្រួល និងមានភាពបត់បែនក្នុងបង់សង។”

លោក សុខ លាភ ដែលជាស្ថាបនិក និង នាយកប្រតិបត្តិនៃក្រុមហ៊ុនសាលា ថេក បានលើកឡើងថា “ការបន្តការសិក្សាថ្នាក់ឧត្តមសិក្សា គឺជាក្តីស្រមៃសម្រាប់សិស្សានុសិស្ស និងឪពុកម្តាយភាគច្រើន។ ខណៈបរិបទជម្ងឺឆ្លងកូវីដ-១៩ បានជះផលលំបាកលើដំណើរការអាជីវកម្ម និងមុខរបរនានា និងបានបន្តឈានទៅជះឥទ្ធិពលអវិជ្ជមានដល់ជីវភាពប្រជាជនកម្ពុជាជាច្រើន។ ប្រសិនបើគ្មានជំនួយផ្នែកហិរញ្ញវត្ថុក្នុងអំឡុងពេលលំបាកនេះទេ សិស្សានុសិស្សអាចនឹងត្រូវរង់ចាំ ឬពន្យាពេលការសិក្សារបស់ពួកគេ ដូច្នេះ សាលា ចង់ពង្រីកការគាំទ្ររបស់យើងដល់សិស្សានុសិស្សលើសពីការផ្តល់កម្មវិធីប្រឹក្សាយោបល់ និងតម្រង់ទិសដៅការចូលរៀននៅថ្នាក់ឧត្តមសិក្សា។ ក្រោមកិច្ចសហការណ៏ថ្មីនេះរវាងក្រុមហ៊ុនសាលា ថេក និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ យើងនឹងនាំមកមធ្យោបាយមួយដែលនឹងផ្តល់នូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់សិស្សរបស់យើង។”

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥១កន្លែង និងភ្នាក់ងារជាង ៧,០០០កន្លែង នៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត។

អំពីក្រុមហ៊ុនសាលា

Sala ជាក្រុមហ៊ុនបច្ចេកវិទ្យាខាងផ្នែកអប់រំ ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ជាមួយនឹងចក្ខុវិស័យដើម្បីបង្កើនដំណើររបស់និស្សិត។ ដើម្បីសម្រេចអោយបាននូវចក្ខុវិស័យខាងលើនេះ យើងបាននឹងកំពុងតែបង្កើតនូវវេទិកាបច្ចេកវិទ្យា ed-tech ដ៏ទូលំទូលាយមួយដែលភ្ជាប់សិស្សានុសិស្សជាមួយអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យអប់រំ ជាពិសេសគឺគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សា។ តាមរយៈនេះ ពួកគេអាចទទួលបានតម្លៃកាន់តែច្រើនពីបទពិសោធន៍អប់រំ និងផ្តោតការយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតលើការសិក្សារបស់ពួកគេ។ យើងបានផ្សារភ្ជាប់ខ្លួន ជាមួយបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថានអប់រំថ្នាក់ឧត្តមសិក្សាជាច្រេីនដែលជាដៃគូរ ក្នុងការជួយសម្រួលដល់សិស្សានុសិស្សអោយអាចធ្វេីការចុះឈ្មោះចូលរៀនតាមរយះប្រព័ន្ធអនឡាញផ្ទាល់របស់យើងគឺ www.sala.co ។

សំរាប់ពត៌មានបន្ថែមពីការចុះឈ្មោះចូលរៀនតាមរយៈ ក្រុមហ៊ុនសាលា សូមចុច www.sala.co
សំរាប់ពត៌មានបន្ថែមពីឥណទានសិក្សា សូមចុច https://www.sala.co/kh/loan