អេ អឹម ខេ ចាប់ដៃគូសហការជាមួយ ធនាគារ ភីភីស៊ីប៊ែងដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ការវេរលុយពីប្រទេសកូរ៉េខាងត្បូង និងការដកលុយជាមួយភ្នាក់ងារ អេ អឹម ខេ នៅទូទាំងប្រទេស

ភ្នំពេញ៖ កាលពីថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលជាគ្រឹះស្ថានមួយឈានមុខគេលើចំនួនអតិថិជន និងធនាគារភ្នំពេញ ពាណិជ្ជ ម.ក ដែលជាធនាគារពាណិជ្ជក្នុងស្រុកមួយដ៏ធំមានចក្ខុវិស័យក្នុងការផ្តល់សេវាធនាគារមានលក្ខណៈងាយស្រួល បានចាប់ដៃគូ គ្នាដើម្បីពង្រឹងសក្តានុពលនៃសេវាវេរលុយក្នុង និងក្រៅប្រទេសរបស់ខ្លួនដែលអាចឲ្យអតិថិជនរបស់ស្ថាប័នទំាងពីរ អាចធ្វើប្រតិបត្តិការវេរ និងដកលុយបានងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់។

តាមរយៈភាពជាដៃគូនេះ នឹងអនុញ្ញាតឲ្យអ្នកកំពុងរស់នៅប្រទេសកូរ៉េខាងត្បូង ក៏ដូចជា អតិថិជនធនាគារ ភីភីស៊ីប៊ែងទំាងអស់ដែលកំពុង ប្រើប្រាស់ជាមួយ PPCBank Mobile App អាចវេរលុយមកប្រទេសកម្ពុជាបានដោយគ្រាន់តែបញ្ចូលនូវចំនួនទឹកលុយដែលខ្លួនចង់វេរ និងវាយបញ្ចូលលេខទូរស័ព្ទអ្នកទទួលជាការស្រេច ហើយសម្រាប់អ្នកទទួលអាចទៅដកជាមួយភ្នាក់ងារ អេ អឹម ខេ ជិត៦០០០កន្លែង ដែលនៅជិតបំផុតទូទាំងប្រទេស។

លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារ បានមានប្រសាសន៍ថា “យើងជឿជាក់ថា ការចាប់ដៃគូសហការជាមួយ ធនាគារ ភីភីស៊ីប៊ែង នេះ នឹង​កាន់តែផ្តល់ភាពងាយស្រួល​ សុវត្ថិភាព និងការសន្សំសំចៃខ្ពស់ទៅដល់អ្នកប្រើប្រាស់សេវាវេរ និងដកលុយទំាងក្នុង និងក្រៅប្រទេស ជាពិសេសពីប្រទេសកូរ៉េ ក្នុងសម័យឌីជីថលនេះតែម្តង ។ បន្ថែមលើនេះ ភាពជាដៃគូសហការជាមួយធនាគារ លំដាប់មួយក្នុងស្រុកនេះដែរ​ នឹងកាន់តែធ្វើឲ្យស្ថាប័នទំាងពីរអាចពង្រឹងសក្តានុពលសេវាកម្មរបស់ខ្លួនបន្ថែមមួយកម្រិតថែមទៀត ដើម្បីអាចផ្តល់សេវាកម្មល្អ និងអត្ថប្រយោជន៍កាន់តែច្រើនសម្រាប់អតិថិជន។”

ដំណាលគ្នានេះដែរ លោក Lim Jong Won នាយកជាន់ខ្ពស់នៃធនាគារ ភីភីស៊ីប៊ែង ក៏បានឆ្លៀតឱកាសសំដែងនូវសេចក្តីសោមនស្ស រីករាយចំពោះភាពជាដៃគូនេះដែរ និងមានការលើកឡើងដូច្នេះថា “ ចក្ខុវិស័យរបស់ធនាគារ ភីភីស៊ីប៊ែង គឺចង់ឃើញប្រជាពលរដ្ឋកម្ពុជា អាចមានលទ្ធភាពប្រើប្រាស់សេវាធនាគារកាន់តែមានលក្ខណៈងាយស្រួល។ ដូច្នេះ តាមរយៈបណ្តាញប្រតិបត្តិការដ៏ទូលំទូលាយ និង វឌ្ឍនភាពរបស់ អេ អឹម ខេ ដែលជាដៃគូយើងបច្ចុប្បន្ន យើងមើលឃើញថា អតិថិជនទាំងអស់ នឹងមានលទ្ធភាពប្រើប្រាស់សេវាហិរញ្ញវត្ថុ បែបឌីជីថលដ៏សម្បូរបែប ដែលមានភាពងាយស្រួល និងសន្សំសំចៃខ្ពស់។”

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងធនាគារ ភីភីស៊ីប៊ែងត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាស្ថាប័នហិរញ្ញវត្ថុដែលមានភាព រឹងមំាទៅលើបណ្តាញប្រតិបត្តិការទូលំទូលាយទូទាំងប្រទេស ផលិតផលហិរញ្ញវត្ថុដ៏សម្បូរបែប និងការចូលរួមចំណែកក្នុងការអភិវឌ្ឍទីផ្សារ ហិរញ្ញវត្ថុនៅកម្ពុជាតាមរយៈការពាំនាំផលិតផលថ្មីៗប្រកបដោយភាពច្នៃប្រឌិត និងការជំរុញឲ្យមានការដាក់បញ្ចូលសេវាហិរញ្ញវត្ថុក្នុង ប្រទេសផងដែរ។ កិច្ចសហការនេះដែរ គឺជាឧទាហរណ៍មួយដែលកំពុងបង្ហាញពីភាពរឹងមាំ និងសក្កានុពលរបស់ស្ថាប័នទាំងពីរនេះនៅក្នុង ទីផ្សារហិរញ្ញវត្ថុបច្ចុប្បន្ន។

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ៖
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមត្រីមាសទី២ ឆ្នាំ ២០២១ អេ អឹម ខេ មានអតិថិជនសរុបចំនួនជិត ១លាននាក់ ជាមួយផលប័ត្រប្រាក់កម្ចីជិត ៤២០លាន ដុល្លារអាមេរិក ប្រាក់បញ្ញើជាង ២១៥លាន ដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩កន្លែង និងភ្នាក់ងារជិត ៦,០០០កន្លែង នៅទូទាំងប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាម QR Code វេរលុយទៅមកធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធបាគង និងសេវាផ្សេងៗជាច្រើនទៀត។

អំពីធនាគារភីភីស៊ីប៊ែង (PPCBank) ៖
ធនាគារ ភីភីស៊ីប៊ែង គឺជាធនាគាររបស់ប្រទេសកូរ៉េខាងត្បូងមួយដែលបានចាប់ផ្ដើមអាជីវកម្មនៅកម្ពុជា នៅខែកញ្ញា ឆ្នាំ២០០៨ ដែលជា ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុន JB Financial Groupនិងក្រុមហ៊ុនApro Financial Co។ ធនាគារ ភីភីស៊ីប៊ែង កំពុងធ្វើប្រតិបត្ដិការ នៅទូទាំងប្រទេសកម្ពុជាតាមរយៈសាខាចំនួន ១៦ សាខានៅរាជធានីភ្នំពេញ និងសាខាចំនួន ៧ នៅតាមបណ្ដាខេត្តសំខាន់ៗមួយចំនួន និងមានទូ ATM ចំនួន៦៥។ ធនាគារ ភីភីស៊ីប៊ែង បានផ្តល់ជូនផលិតផល និងសេវាកម្មផ្នែកធនាគារសម្បូរបែប ដែលរួមមានទាំងសេវា ធនាគារលក្ខណៈប្រពៃណី និងបែបឌីជីថលទំនើប ដោយរាប់បញ្ចូលទាំងសេវាប្រាក់បញ្ញើ ឥណទាន សេវាsmartBiz ដែលជាសេវាកម្ម ធនាគារសម្រាប់ផ្នែកអាជីវកម្មបែបឌីជីថល និងសេវា Mobile Teller ដែលជាសេវាប្រឹក្សាយោបល់អតិថិជនទាំងនៅក្នុង និងក្រៅសាខា។ ក្នុងឆ្នាំ ២០២០ ធនាគារ ភីភីស៊ីប៊ែង បានចុះបញ្ជីមូលបត្រក្រុមហ៊ុនក្នុងផ្សារមូលបត្រកម្ពុជា។
ធនាគារ ភីភីស៊ីប៊ែងចូលរួមគាំទ្រយ៉ាងសកម្មក្នុងកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR Initiative) ដោយក្លាយជាធនាគារដំបូងបង្អស់ដែលបានផ្តួចផ្តើមគំនិតក្នុងការលើកកម្ពស់បុគ្គលិក ដែលមានពិការភាពលើសោតវិញ្ញាណ តាមរយៈកិច្ចសហការជាមួយហាងកាហ្វេ Socials Coffee ដែលមាននៅសាខាធនាគាររបស់ខ្លួន។ បន្ថែមពីនេះទៅទៀតកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនក៏បាន គាំទ្រដល់ អង្គការបោសសម្អាតមីននៅកម្ពុជា ដូចជា អង្គការ APOPO កណ្ដុរហិតមីន «HeroRATs»ដែលកំពុងធ្វើការបោសសម្អាតមីន ដើម្បីលុបបំបាត់មីននៅកម្ពុជា។