អេ អឹម ខេ សហការជាមួយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាផ្តល់សេវាហិរញ្ញវត្ថុដល់សហគមន៍កសិកម្ម ទូទាំងប្រទេស

ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានសហការជាមួយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាផ្តល់សេវាហិរញ្ញវត្ថុដល់សហគមន៍កសិកម្មទូទាំងប្រទេសដែលជាសមាជិករបស់សម្ព័ន្ធ។ តាមរយៈការសហការនេះ អ្នកជំនាញកសិកម្ម បាន លើកឡើងថាវានឹងជួយដល់សហគមន៍កសិកម្មតូចៗនៅប្រទេសកម្ពុជាមានការអភិវឌ្ឍជាងមុន ព្រោះពួកគេនឹងមានទុន បន្ថែមដែលជាជំនួយក្នុងការផលិត និងពង្រីកទីផ្សារផងដែរ។

សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា គឺជាស្ថាប័នមួយដែលមានការជ្រោមជ្រែងពីរាជរដ្ឋាភិបាល ដែលការងារចម្បងរបស់សម្ព័ន្ធគឺបង្កើត និងគ្រប់គ្រងសហគមន៍កសិកម្មនៅកម្ពុជា ក្នុងការផ្តល់ជំនួយផ្នែកបច្ចេកទេស និងជំនួយផ្សេងៗទៀត។ គិត មកត្រឹមពេលនេះ សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាមានសមាជិកចំនួនជិត១.២០០សហគមន៍កសិកម្មទូទាំងប្រទេស។ ចាប់ តាំងពីពេលបង្កើតសម្ព័ន្ធតែងតែបង្កើតកម្មវិធីផ្សេងៗ ជាពិសេសសហការជាមួយដៃគូអភិវឌ្ឍដើម្បីជួយសមាជិករបស់ខ្លួន។ ជាលទ្ធផលគ្រប់សហគមន៍កសិកម្មកម្ពុជា ដែលជាសមាជិករបស់សម្ព័ន្ធមានការរីកចម្រើនគួឲ្យកត់សម្គាល់ក្នុង រយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទោះបីមានការអភិវឌ្ឍមែនក្តី ប៉ុន្តែគេបានសង្កេតឃើញថា បញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាជាច្រើនទៀតនោះគឺ ការកង្វះទុន ឬការទទួលបានកម្ចីពីស្ថាប័នហិរញ្ញវត្ថុជាបញ្ហាប្រឈមធំបំផុងរបស់ពួកគេ។ ដូចនេះហើយ សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាតែងតែស្វែងរកដៃគូសហការ ជាពិសេសស្ថាប័នហិរញ្ញវត្ថុដើម្បីធ្វើយ៉ាងណាឱ្យសមាជិករបស់ខ្លួនទទួលបានសេវាហិរញ្ញវត្ថុយ៉ាងងាយស្រួល។.”

លោក ឧកញ្ញា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាបានមានប្រសាសន៍ថា “សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាបាន នឹងកំពុងយកចិត្តទុកដាក់បំផុងចំពោះសមាជិកគឺ ការពង្រីទីផ្សារ ការទទួលបាននូវផលិតភាពខ្ពស់ និង តម្លៃប្រកួតប្រជែងលើទីផ្សារនាំចេញ”។ លោក សុគន្ធ បានបន្តដូច្នេះថា “ការផលិតតាមបែបសហគមន៍ ដែលកសិករយើងចង់បាននោះគឺ ជំនួយផ្នែកបច្ចេកទេស និង ដើមទុន ដើម្បីជួយដល់ការផលិត និងការគ្រប់គ្រង់ច្បាស់លាស់ផ្នែកទីផ្សារ។ ដូចនេះ យើងត្រូវការវិនិយោគ និងជំនួយបន្ថែមពីគ្រប់ស្ថាប័ន ជាពិសេសរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនានា ដើម្បីឱ្យសហគមន៍កសិកម្មកាន់តែមានការរីកចម្រើននៅថ្ងៃអនាគត”។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានមានប្រសាសន៍ថា “ទស្សនវិស័យរបស់ អេ អឹម ខេ គឺ ជួយប្រជាជនក្រីក្រ ធានាឱ្យពួកគាត់ទទួលបានសេវាហិរញ្ញវត្ថុគ្រប់ៗគ្នាដើម្បីយកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍជីវភាពរបស់ពួកគាត់។ ជាពិសេសប្រជាកសិករដែលត្រូវការទុនបន្ថែមក្នុងការពង្រីករបរកសិកម្មរបស់គាត់”។ បើយោងតាមលោក គា បូរាណ កម្ចីដែល អេ អឹម ខេ បានផ្តល់ឱ្យអតិថិជនរបស់ខ្លួនគឺ ភាគច្រើនអតិថិជនយកទៅប្រើប្រាស់ក្នុងការធ្វើកសិកម្ម។ លោក បូរាណ សង្ឃឹមយ៉ាងមុតមាំថា “ការសហការជាមួយ សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា នឹងជួយដល់សហគមន៍កសិកម្មនៅកម្ពុជាមានទុនបន្ថែមក្នុងការពង្រីកអាជីវកម្មរបស់ពួកគាត់ ក្នុងការស្វែងរកទីផ្សារបន្ថែម និងពង្រីកសមត្ថភាពក្នុងការផលិត។ ជាលទ្ធផល វានឹងជួយលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែរីកចម្រើនមួយកម្រិតបន្ថែមទៀត ដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង”។

អំពី អេ អឹម ខេ
អេ អឹម ខេ គឺជា​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេ​លើវិសាលភាព​ប្រតិ​បត្តិការ និងចំនួនអតិថិជន។​ គិតត្រឹម​​ខែធ្នូ ឆ្នាំ ២០២០ អេ អឹម​ ខេ មានអតិថិជនសរុបចំនួនជាង ៩០ ម៉ឺននាក់ ជាមួយនឹង​ផល​ប័ត្រ​​ប្រាក់​កម្ចីជាង ៣៧៤ លានដុល្លារអា​មេ​រិក  និងប្រាក់​បញ្ញើជាង ១៩១លានដុល្លារអាមេរិក មានការិយាល័យ​ប្រតិ​បត្តិការ​ចំនួន ១៤៩ កន្លែង និង​ ភ្នាក់ងារ​ជាង ៥.០០០ កន្លែងនៅ​ទូទាំង​​​ប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវា​កម្ម​​​ជាច្រើនកំពុង​ផ្តល់ជូន​អតិថិជន​ ដូចជាសេ​​វា​ប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវា​ទូទាត់​វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រង​ខ្នាត​តូច ធនាគារ​ចល័ត  សេវា​បើក​​ប្រាក់​បៀវត្សរ៍  ម៉ាស៊ីនដក និង​ដាក់​​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs) និងជាពិសេសគឺកម្មវិធីធនាគារចល័ត អេ អឹម ខេ (AMK Mobile Banking App)។​