អេ អឹម ខេ ១៥ឆ្នាំនៃវឌ្ឍនភាព

This image has an empty alt attribute; its file name is 15-Year-1024x576.jpg

ភ្នំពេញ៖ អេ អឹម ខេ អបអរសាទរខួប១៥ឆ្នាំនៃវឌ្ឍនភាព នៅលើទឹកដីអឆ្ឆរិយអង្គរកាលពីថ្ងៃទី៣០ វិច្ឆិកា ២០១៨។ ក្នុងរយៈពេល១៥ ឆ្នាំនេះ អេ អឹម ខេ បានសម្រេចលទ្ធផលគួរជាទីមោទនតាមរយៈការផ្តល់ សេវាហិរញ្ញវត្ថុសមស្រប និងឋិតថេរពិសេសដល់ប្រជាពលរដ្ឋរស់នៅតំបន់ជនបទដាច់ស្រយាល។ ពិធីអបអរសាទរ នេះ ត្រូវបានប្រារពធ្វើឡើងជាមួយគ្នា នឹងកិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំឆ្នាំនៅសណ្ឋាគារសុខា ខេត្តសៀមរាប។

អេ អឹម ខេ វិវត្តមកពីកម្មវិធីឥណទានខ្នាតតូចរបស់អង្គការ Concern Worldwide នៅក្នុងទសវត្សរ៍ឆ្នាំ ១៩​៩០។  ដោយសារប្រតិបតិ្តការមានការរីកចម្រើនក្នុងឆ្នាំ ២០០២ អង្គការ Concern បានបង្កើតក្រុមហ៊ុន មីក្រូហិរញ្ញវត្ថុដាច់​ដោយ​ឡែកមួយ គឺ អេ អឹម ខេ ។ នៅឆ្នាំ ២០០៣ អេ អឹម ខេ បានធ្វើ​ប្រតិបតិ្ត​ការ​ដោយ ឯករាជ្យពីអង្គការ Concern ហើយ បន្ទាប់​មកទទួល​បាន​អាជា្ញប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅឆ្នាំ ២០០៤។

បច្ចុប្បន្ន អេ អឹម ខេ បានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុធំៗនៅប្រទេសកម្ពុជា។ ពីមួយឆ្នាំទៅមួយឆ្នាំ អេ អឹម ខេ តែងតែអភិវឌ្ឍខ្លួនឥតឈប់ឈរ ដោយធ្វើកា រកែលម្អផលិតផល និងសេវាហិរញ្ញវត្ថុ និងវិនិយោគលើបច្ចេកវិទ្យាថ្មីៗ ជាប្រចាំដែលមានលក្ខណៈបត់បែន និង សម្បូរបែប ដើម្បីបំពេញតម្រូវការអតិថិជនរបស់យើង ជាពិសេសដើម្បីដើរឱ្យទាន់ការរីកចម្រើននៃការប្រើប្រាស់ បច្ចេកវិទ្យាចុងក្រោយរបស់សកលលោក។

ថ្លែងនៅក្នុងពិធីអបអរសាទរ និងកិច្ចប្រជុំថ្នាក់គ្រប់គ្រង លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ          អេ អឹម ខេ បានមានប្រសាសន៍ថា “រយៈពេល១៥ឆ្នាំនេះ អេ អឹម ខេ មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាក់ស្តែងនៅ ក្នុងឆ្នាំ២០១០ អេ អឹម ខេ យើងបានទទួលអជ្ញាប័ណ្ណប្រាក់សន្សំពីធនាគារជាតិនៃកម្ពុជា។ ក្នុងឆ្នាំ ២០១១ អេ អឹម ខេ ដាក់ដំណើរការសេវាផ្ទេរប្រាក់ទូទាំងប្រទេស និងឆ្នាំ២០១៣ យើងដាក់ឱ្យ​ដំណើរ​ការ​ម៉ាស៊ីនដក ប្រាក់ និង​ដាក់ប្រាក់​ដោយ​​ស្វ័យ​ប្រវត្តិ (ATM/CDM)។ អ្វីដែលសំខាន់ទៀតនោះ យើងទើបតែផ្លាស់ប្តូរប្រព័ន្ ធធនាគារស្នូល T24 បានជោគជ័យ ដោយប្រព័ន្ធថ្មីនេះ ធ្វើឱ្យការងាររបស់យើងកាន់តែមានប្រសិទ្ធភាពជាងមុន”។

លោកប្រធាននាយកប្រតិបត្តិ បានឱ្យដឹងដែរថា បើយើងក្រឡេកមើលទិន្នន័យហិរញ្ញវត្ថុរបស់យើង គឺគិត ត្រឹមខែតុលា ឆ្នាំ២០១៨នេះ អេ​ អឹម ខេ សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ ចំនួនបុគ្គលិករបស់យើង កើនឡើងដល់ជាង ២,៧០០នាក់ អតិថិជនចំនួនជាង ៨៤ ម៉ឺននាក់ ជាមួយនឹង​ផល​ប័ត្រ​​ប្រាក់​កម្ចីជាង ២៤៧ លាន​ដុល្លារ​អា​មេ​រិក  និងប្រាក់​បញ្ញើជាង ១៤៦ លានដុល្លារអាមេរិក មានការិយាល័យ​ប្រតិ​បត្តិការ​ចំនួន ១៥០ កន្លែង និងមានភ្នាក់ងារ​ជាង​​ ៣.៥០០ កន្លែងនៅ​ទូទាំង​​​ប្រទេស។ 

លោក គា បូរាណ លើកឡើងយ៉ាងដូច្នេះថា “លទ្ធផលទាំងនេះនឹងមិនអាចកើតមានទេ ប្រសិនបើមិនមាន ការចូលរួមពីបុគ្គលិក អេ អឹម ខេ គ្រប់ជាន់ថ្នាក់។ ការរីកចម្រើននេះ គឺដោយសារតែបុគ្គលិក អេ អឹម ខេ មានការតាំង ចិត្តខ្ពស់ និងបានចូលរួមយ៉ាងសកម្មគ្រប់សកម្មភាព”។ លោកប្រធាននាយកប្រតិបត្តិបានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះបុគ្គលិកទាំងអស់ ដែលបានបំពេញកាតព្វកិច្ចបានយ៉ាងល្អ​ក្នុងការបំពេញបេសកកម្មរបស់ខ្លួន ដោយមិនគិត ពីពេលវេលា និងកំលាំងកាយចិត្តក្នុងរយៈពេលពេញ១៥ឆ្នាំមកនេះ ដែលបានជួយឱ្យ អេ អឹម ខេ ទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់គួជាទីគាប់ចិត្ត។

គួបញ្ជាក់ផងដែរថា អេ អឹម ខេ គឺជា​គ្រឹះស្ថានដែលឈានមុខគេ​លើវិសាលភាព​ប្រតិ​បត្តិការ និងចំនួន អតិថិជន​ប្រាក់កម្ចី។ អេ អឹម ខេ មានផលិតផល និងសេវា​កម្ម​​​ជាច្រើនកំពុង​ផ្តល់ជូនអតិថិជនដូចជា៖  សេ​​វា​ប្រាក់ កម្ចី  ប្រាក់សន្សំ  ផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ  ធានារ៉ាប់រង​ខ្នាត​តូច ធនាគារ​ចល័ត  សេវា​បើក​​ប្រាក់​បៀវត្សរ៍  ម៉ាស៊ីនដក និង​ដាក់​​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)។