សេវាទូទាត់រហ័សពី អេ អឹម ខេ

  រាជធានីភ្នំពេញៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានដាក់ឲ្យដំណើរការជាផ្លូវការ សេវាទូទាត់រហ័ស កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៦ ។

     អេ អឹម ខេ ក្រោមការផ្តួចផ្តើមដោយធនាគារជាតិនៃកម្ពុជា និងដោយមានការចូលរួមសហការណ៍ពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួន ១២ ផ្សេងទៀតបានបង្កើតសេវាកម្មរហ័សនេះឡើងក្នុងគោលបំណង ដើម្បីផ្តល់មធ្យោបាយបន្ថែម​ទៀត​​​​​​ដល់ គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំងអស់អនុវត្ត​ប្រតិបត្តិកា​រ​ផ្ទេរប្រាក់ និងទូទាត់សងប្រាក់​​​ជា​ប្រាក់រៀល ឆ្លងគ្រឹះស្ថានសម្រាប់អតិថិជនរបស់ខ្លួននៅគ្រប់​ខេត្ត-ក្រុង ទូទាំងប្រទេស ប្រកប​ដោយភាព​​រហ័សទាន់ចិត្ត សុវត្ថិភាព និង​ជឿ​ទុកចិត្ត។ ម្យ៉ាងវិញទៀត សេវានេះ​នឹងរួមចំណែកយ៉ាងសកម្មក្នុង​ការលើក​កម្ពស់​ការ​​ប្រើប្រាស់​ប្រាក់​រៀលឱ្យបានទូលំទូលាយ បង្កើន​​តម្លាភាព​​​តាមរយៈការទូទាត់​ជា​អេឡិចត្រូនិក​ កាត់​បន្ថយ​​ចរាចរ​​សាច់ប្រាក់​​​នៅលើទីផ្សារ ​​បង្កើននូវ​ប្រសិទ្ធភាពក្នុង​ការ​ប្រើប្រាស់​ធនធាន​ហិរញ្ញវត្ថុ និង​ជាពិសេស​លើក​កម្ពស់បរិយាប័ន្ន​ហិរញ្ញវត្ថុ​ និងចូលរួម​អភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការធ្វើទំនើបកម្មប្រព័ន្ធទូទាត់​នៅ​ប្រទេស​កម្ពុជាឱ្យកាន់តែប្រសើរ ។

     លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានមានប្រសាសន៍ឲ្យដឹងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ីក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមជួយជ្រោម​ជ្រែងបង្កើតសេវាទូទាត់រហ័សនេះឡើង។ លោកបានបន្តទៀតថា សេវាទូទាត់រហ័សនេះ គឺមានសារៈសំខាន់ណាស់ព្រោះវាជួយសម្រួលដល់អតិថិជន ក្នុងការទទួល និងផ្ទេរប្រាក់ ទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ ជាប្រាក់រៀល ដូចជា ទិញអាហារ គ្រឿងអេឡិចត្រូនិច សំបុត្រឡានក្រុង ដោយការទូទាត់អាចធ្វើឡើងឆ្លងធនាគារ ឬ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ តាមរយៈបេឡាធិការ ម៉ាស៊ីនអេធីអឹម ទូរស័ព្ទដៃ ឬ តាមកុំព្យូទ័រ បានភ្លាមៗប្រកបដោយភាពងាយស្រួលឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ ។

    លោកប្រធានប្រតិបត្តិសង្ឃឹមយ៉ាងម៉ុតមាំថា អតិថិជនទាំងអស់ នឹងគាំទ្រប្រើប្រាស់សេវាទូទាត់រហ័សនេះគ្រប់ៗគ្នា ហើយសូមអរគុណទុកជាមុនចំពោះការគាំទ្រនេះ ។

     គួរបញ្ជាក់ផងដែរថា សេវាទូទាត់រហ័សនេះត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងធនាគារជាតិនៃ​កម្ពុជា​ ​​ជាមួយ​គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ​ចំនួន១៣ ក្នុងនោះគ្រឹះស្ថានមី​ក្រូ​ហិរញ្ញ​​វត្ថុទទួលប្រាក់បញ្ញើ​ចំនួន៦​ រួមមាន អេ អឹម ខេ បា្រសាក់  អម្រឹត ហត្ថាកសិករ ក្រេឌីត និង វីសិនហ្វាន់ និងគ្រឹះស្ថានធនាគាររួមមាន អេស៊ីលីដា​  កម្ពុជា​​សាធារណៈ កាណាឌីយ៉ា​ ​វឌ្ឍនៈ​អាស៊ីចំកាត់ (អេ ប៊ី អេ) វិនិយោគ ​និង​​អភិវឌ្ឍន៍​កម្ពុជា ហ្វីលីព និង ស្ថាបនា ​។