អេ អឹម ខេ ផ្តល់ជូនឱកាសការងារចំនួនជាង២០០កន្លែង

 ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ប្រកាសផ្តល់ជូនឱកាសការងារចំនួនជាង​២០០កន្លែង ឆ្នាំ២០១៧ នៅក្នុងការ​តាំងពិព័រណ៍ការងារថ្នាក់ជាតិ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលប្រព្រឹត្តទៅនៅថ្ងៃទី ០៥-០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

     អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូវហិរញ្ញវត្ថុ ដែលផ្តោតទៅលើការជួយ​ដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើនក្នុងគោលបំណង​ជួយ​ធ្វើឲ្យ​ប្រសើរ​ឡើងនូវជីវភាពរស់នៅ​របស់ពួកគេ តាម​រយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប និងឋិតថេរ។ ក្នុងរយៈ​ពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ អេ អឹម ខេ មានការរីកចម្រើនទាំងតំបន់ប្រតិបត្តិការ ផលបត្រឥណទាន ​ចំនួនអតិថិជន ជាពិសេសចំនួនបុគ្គលិកមានការកើនឡើងគួឲ្យ​កត់​សម្គាល់ គឺពីចំនួនជាង១.៧០០ ក្នុងឆ្នាំ២០១៤ ទៅ ២.១២៦​ ក្នុងឆ្នាំ២០១៥ និងកើនឡើងដល់ ២.៣៣៣ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៦នេះ។​ ដើម្បីឆ្លើយតបទៅនឹងការរីក​ចម្រើន​នេះ អេ អឹម ខេ បាន និងកំពុងតែផ្តល់ឱកាសការងារជាច្រើនកន្លែងដល់បេក្ខជន ដែលមានបំណងចង់អភិវឌ្ឍជំនាញ ចំណេះដឹង ជាមួយ អេ អឹម ខេ។

     សំណួរបានលើកឡើងថា ហេតុអ្វីត្រូវចាប់ផ្តើមអាជីពការងារ ឬជ្រើសរើស អេ អឹម ខេ ជាកន្លែងធ្វើការរបស់អ្នក? ​អ្នកស្រី​ ពាំង ពិសាខ នាយិកាប្រតិបត្តិធនធានមនុស្ស បានលើកឡើងថា “បុគ្គលិកគឺជាកម្លាំងចលករដ៏សំខាន់របស់ក្រុមហ៊ុន ដូចនេះ​ហើយទើប អេ អឹម ខេ បានបង្កើតគោលនយោបាយ និងបរិយាកាសការងារល្អៗ ជាមួយអត្ថប្រយោជន៍ដ៏ច្រើនដល់​បុគ្គលិក ដែលអត្ថប្រយោជន៍សំខាន់ៗ​រួមមាន៖ ប្រាក់ខែទី១៣ ក្នុងឱកាសចូលឆ្នាំខ្មែរ ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យ​ភ្ជុំបិណ្ឌ ប្រាក់ឧបត្ថម្ភសម្រាប់បុគ្គលិកដែលបម្រើការងារយូរ ប្រាក់រង្វាន់លើកទឹកចិត្ត ប្រាក់សោធនរហូតដល់៧%​​រៀងរាល់ខែ ប្រាក់ធានា​រ៉ាប់រងសុខភាព ១០០% សម្រាប់បុគ្គលិក និងអ្នកក្នុង​បន្ទុក ធានារ៉ាប់រងគ្រោះថ្នាក់ ២៤ ម៉ោង ប្រាក់ឧបត្ថម្ភលើការសម្រាលកូន ជាពិសេស​អាច​ព្យាបាលជម្ងឺនៅក្រៅប្រទេស ព្រមទាំង​អត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត”។

     អ្នកស្រីបានឲ្យដឹងទៀតថា “នៅក្នុងព្រឹត្តិការណ៍នេះ ជាឱកាសដ៏ពិសេសសម្រាប់សាធារណជន និងសិស្ស​​-និស្សិត ដែលកំពុង ឬ បញ្ចប់ការសិក្សា ក្នុងការស្វែងយល់ពីលក្ខខណ្ឌ និងទទួលយកការងារនៅ អេ​ អឹម ខេ”។ ឆ្លៀតនៅក្នុងឱកាសនេះដែរ អ្នកស្រីសូមគោរព​អញ្ជើញ​សាធារណៈជន ជាពិសេសអ្នកដែលកំពុងតែស្វែងរកការងារធ្វើទាំងអស់ ឲ្យមកទស្សនាស្តង់ អេ អឹម ខេ គឺលេខ G25 និង G26 ដើម្បីទទួលបានព័ត៌មានលម្អិតពីឱកាសការងារនៅ អេ អឹម ខេ ឲ្យបាន​ពេញ​​​លេញ និងគ្រប់ជ្រុងជ្រោយដើម្បីធ្វើការសម្រេចចិត្ត។ អ្នកដែល​មាន​ចំណាប់អារម្មណ៍លើមុខតំណែងណាមួយដែលត្រូវជំនាញ និងបទពិសោធន៍ការងារ អាចយក CV និង Covering Letter មកដាក់​ដោយ​ផ្ទាល់​នៅស្តង់ អេ អឹម​ ខេ ទាំងពីរនេះ។ នេះជាឆ្នាំទី៦ហើយ ដែល អេ អឹម ខេ បានចូលរួមក្នុងការតាំងពិព័រណ៍ការងារថ្នាក់ជាតិ។

     អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន​ប្រាក់កម្ចី។ គិតត្រឹម​​ ខែកញ្ញា ឆ្នាំ២០១៦ នេះ អេ អឹម​ ខេ មានបុគ្គលិកសរុបចំនួន ២.៣៣៣ អតិថិជនចំនួនជិត៥២ម៉ឺននាក់ ជាមួយនឹង​ផលប័ត្រប្រាក់កម្ចីជាង ១៤៨លានដុល្លារអាមេរិក និង មានការិយាល័យប្រតិបត្តិការចំនួន ១៥១ កន្លែងនៅ​ទូទាំង​ប្រទេស។ អេ អឹម ខេ មានផលិតផល និង សេវាកម្មជាច្រើន កំពុង​ផ្តល់ជូនអតិថិជន ដូចជា សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ សេវាទូទាត់វិក្កយបត្រ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើក​ប្រាក់​បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)។