ការ​ប្រើប្រាស់​សេវា​ធានា​រ៉ាប់រង​ខ្នាត​តូច មានការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់

ភ្នំពេញ៖ ការប្រើប្រាស់សេវាធានារ៉ាប់រងសុខភាពខ្នាតតូចលើសុខភាព និងគ្រោះថ្នាក់របស់អតិថិជនកម្ចី អេ អឹម ខេ​ មានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈ​ពេល​បួនខែដើមឆ្នាំ ២០១៧ នេះបើយោងតាមរបាយ​ការណ៍ហិរញ្ញវត្ថុប្រចាំខែ​របស់ អេ អឹម ខេ។ ការកើនឡើងនេះដោយសារតែអតិថិជនមានការយល់ដឹងច្រើនអំពីអត្ថប្រយោជន៍សេវាធានារ៉ាប់រង ជាពិសេសយល់ដឹងពីការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងគ្រួសារនៅពេលដែលមានហានិភ័យ ដូចជាជំងឺ ឬ គ្រោះថ្នាក់​ណា​មួយ​ដែលបានកើតឡើងជាយថាហេតុ។

របាយការណ៍ដដែល បានបង្ហាញពីការកើនឡើងចំនួនអតិថិជនដល់ជាង២១ម៉ឺននាក់ គឺប្រមាណជាង៦២%​នៃ​ចំនួន​អតិថិជនកម្ចី អេ អឹម​ ខេ សរុបបាននឹងកំពុងតែប្រើប្រាស់សេវាធានារ៉ាប់រងខ្នាតតូច អេ អឹម ខេ នេះ​ បើគិតត្រឹមបំណាច់​ខែមេសា ២០១៧។ ចំណែកឯឆ្នាំ២០១៦ អេ​ អឹម ខេ មានអតិថិជនកម្ចីដែលប្រើប្រាស់សេវាធានារ៉ាប់រង​ខ្នាតតូចលើសុខ​ភាព និងគ្រោះថ្នាក់ត្រឹមតែជាង១៨ម៉ឺននាក់តែប៉ុណ្ណោះ។

គួរកត់សម្គាល់ថា អេ អឹម ខេ បានសហការជាមួយក្រុមហ៊ុន ធានារ៉ាប់រងហ្វតតេ ផ្តល់សេវាធានារ៉ាប់រង​ខ្នាតតូច​ជូន​ចំពោះ​អតិថិជន​កម្ចី អេ អឹម​ ខេ នៅក្នុងឆ្នាំ២០១៤ ដែលនៅពេលនោះមានអតិថិជនត្រឹមតែជាង ៩ពាន់នាក់ប៉ុណ្ណោះ​ដែល​បាន​ប្រើប្រាស់សេវាមួយនេះ។ ប៉ុន្តែចំនួនអតិថិជនមានការកើនឡើងគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានមានប្រសាសន៍ថា “ប្រជាជនកម្ពុជានៅ​ពេលបច្ចុប្បន្ន​មាន​ការ​យល់ដឹងច្រើនអំពីសេវាធានារ៉ាប់រងខ្នាតតូចមួយនេះ ក៏ដូចជាសេវាធានារ៉ាប់រងគ្រោះថ្នាក់ផ្សេងៗទៀត មិនថាទាំង​អ្នក​​រស់​នៅក្នុងទីក្រុង ឬជនបទនោះឡើយ។ នេះគឺជាកត្តាដ៏ល្អបំផុត ព្រោះការប្រើប្រាស់សេវាធានារ៉ាប់រងខ្នាតតូចនេះ វា​បាន​ជួយការពារហានិភ័យហិរញ្ញ​វត្ថុផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុនៅក្នុងគ្រួសារនីមួយៗ។ យើងមិនអាចដឹង​មុនថា នឹងមានគ្រោះថ្នាក់អ្វីកើតឡើងចំពោះខ្លួនយើង ឬក្រុមគ្រួសារយើងបានទេនៅថ្ងៃខាងមុខ ដូចនេះបើយើងមាន​សេវា​ធានារ៉ាប់​រង​នេះ វាពិតជាអាចជួយកាត់បន្ថយថ្លៃចំណាយចំពោះថ្លៃព្យាបាល មិនបាច់ខ្ចីបុលគេ ឬ​លក់ទ្រព្យសម្បត្តិមាន​តម្លៃនៅក្នុងផ្ទះដើម្បីយកលុយមកបង់ថ្លៃព្យាបាលនោះទេ”។

លោកប្រធាន បានសំណូមពរដល់ប្រជាជនកម្ពុជាគ្រប់រូប សូមប្រើប្រាស់សេវាធានារ៉ាប់រងខ្នាតតូច លើសុខភាព និងគ្រោះថ្នាក់នេះ ព្រោះ​វាធ្វើឲ្យគ្រួសារលោកអ្នកមានសុវត្ថិភាពហិរញ្ញវត្ថុ មិនមានក្តីបារម្មណ៍ចំពោះការ​ចំណាយលើថ្លៃ​សេវា​ព្យាបាលនៅពេលដែលគាត់មានជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ នឹងត្រូវទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំពោះថ្លៃសេវាធានារ៉ាប់រងនេះ គឺមិនដល់១០០រៀលផងក្នុងមួយថ្ងៃ  ដែលមានការធានាពេញ១ឆ្នាំ អតិថិជននឹងទទួលអត្ថប្រយោជន៍យ៉ាងច្រើនដូចជា៖ ទទួលបានការឧបត្ថម្ភថ្លៃសម្រាកព្យាបាលនៅមន្ទីពេទ្យ ២ម៉ឺនរៀលក្នុង១ថ្ងៃ ទទួលបានការឧបត្ថម្ភថ្លៃវះកាត់អតិបរមាដល់ ៦០​ម៉ឺន​រៀលក្នុង១ករណី ទទួលបានការឧបត្ថម្ភពិការភាពដោយសារគ្រោះថ្នាក់រហូតដល់ ២ ទៅ ៣លានរៀល ទទួលបានការឧបត្ថម្ភ​មរណភាពដែលបណ្តាលមកពីជំងឺរហូតដល់ ៦០ម៉ឺនរៀល ទទួលបានការឧបត្ថម្ភមរណភាពដែលបណ្តាលមកពីគ្រោះ​ថ្នាក់​ចាប់ពី ៦.៦០០.០០០រៀល ដល់ ៧.៦០០.០០០រៀល។

សូមរំលឹកផងដែរថា សេវាធានារ៉ាប់រងសុខភាពខ្នាតតូចនេះ អេ អឹម ខេ ផ្តល់ជូនតែចំពោះអតិថិជនកម្ចីតែប៉ុណ្ណោះ។ គិតត្រឹម ខែមេសា ឆ្នាំ២០១៧នេះ អតិថិជនចំនួនជិត២ម៉ឺននាក់បានទទួលសំណងពីសេវាធានារ៉ាប់រងនេះ ជាមួយនឹងទឹកប្រាក់ចំនួនជាង ១លានដុល្លារ ភាគច្រើននៃការធានារ៉ាប់រងគឺទៅលើថ្លៃសេវាព្យាបាល ថ្លៃវះកាត់ និងគ្រោះថ្នាក់ផ្សេងៗ​។ ទទ្ទឹម​គ្នានេះផងដែរ ដោយមើលឃើញពីតម្រូវការ សេវាធានារ៉ាប់រងនេះ អេ អឹម​ ខេ បានដាក់ឲ្យដំណើរការ សេវធានារ៉ាប់រងថ្មី​មួយទៀត គឺសេវាធានារ៉ាប់រងគ្រោះ​ថ្នាក់បុគ្គល សម្រាប់សាធារណជនទូទៅនាពេលថ្មីៗនេះផងដែរ។

ជាក់ស្តែង អតិថិជនឈ្មោះ ផន នីម រស់នៅភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ គាត់បានទទួល​សេវាធានារ៉ាប់រងខ្នាតតូចលើសុខភាព និងគ្រោះថ្នាក់ អេ អឹម ខេ។ គ្រួសាររបស់គាត់ គឺប្រពន្ធមានជំងឺឈានទៅដល់ការវះកាត់ រីឯប្តីជួប​ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។ ប៉ុន្តែដោយសារតែ គាត់ទិញសេវាធានារ៉ាប់រង អេ អឹម ខេ គ្រួសាររបស់គាត់ពុំមានវិបត្តិ​ផ្នែក​ហិរញ្ញ​វត្ថុនៅក្នុង​គ្រួសារឡើយ ដោយគាត់ទទួលបានការធានារ៉ាប់រងទាំងប្រពន្ធ និងប្តី គិតជាទឹកប្រាក់ចំនួនជាង៦លានរៀល។ អ្នកស្រីផន នីម បានលើកឡើងថា “ប្រសិនបើមិនបានទិញសេវាធានារ៉ាប់រងសុខភាពខ្នាតតូច អេ អឹម ខេ ទេ ប្រហែល​ជាខ្ញុំត្រូវ​ទៅចងការអ្នកជិតខាងដើម្បីយកលុយចំណាយលើថ្លៃព្យាបាល ឬ ក៏អាចលក់របស់របរមាន​តម្លៃនៅក្នុងផ្ទះក៏មិន​ដឹង។”

  អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន​ប្រាក់កម្ចី។ គិតត្រឹម​​ ខែមេសា ឆ្នាំ២០១៧ នេះ អេ អឹម​ ខេ មានវិសាលភាពប្រតិបត្តិការគ្របដណ្តប់៨៩%នៃចំនួនភូមិសរុបទូទាំង​ប្រទេស មានបុគ្គលិកជាង ២.៤០០នាក់ អតិថិជនសរុបជាង៥៨ម៉ឺននាក់ ជាមួយនឹង​ផលបត្រប្រាក់​កម្ចីជាង១៦៣លាន​ដុល្លារ​អាមេរិក ជាមួយការិយាល័យប្រតិបត្តិការចំនួន ១៥១ កន្លែង និង មានភ្នាក់ងារជាង២.៥០០កន្លែង នៅ​ទូទាំង​ប្រទេស។ អេ អឹម ខេ មានផលិតផល និង សេវាកម្មជាច្រើន កំពុង​ផ្តល់ជូនអតិថិជន ដូចជា សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ សេវាទូទាត់​វិក្កយ​បត្រ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើក​ប្រាក់​បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)។​