សេចក្តីរំលឹកដល់ការចងចាំ និងសមិទ្ធផលរបស់លោក Hung-Ching Yung, JP (榮鴻慶先生)

ហុងកុង ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្រុមប្រឹក្សាភិបាលនៃធនាគារពាណិជ្ជស៊ាងហៃ មានការសោកស្ដាយយ៉ាងខ្លាំងចំពោះមរណភាពរបស់លោក Hung-Ching Yung, JP (榮鴻慶先生) កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២។ លោក Yung ត្រូវបានទទួលស្គាល់ថាជាឥស្សរជន និងជាឧស្សាហករដ៏ល្បីឈ្មោះ ដែលបានលះបង់កម្លាំងកាយចិត្តទៅលើវិស័យធនាគារ និងជំនួញជាច្រើនទស្សវត្សរ៍។ គាត់គឺជានាយកនៃ Shanghai Commercial Bank តាំងពីឆ្នាំ១៩៧៣ និងជាប្រធានក្រុមប្រឹក្សាភិបាលកិត្តិយសនៃ Shanghai Commercial & Savings Bank ទីក្រុងតៃប៉ិក្នុងឆ្នាំ២០២១ ក្រោយធ្វើជាប្រធានក្រុមប្រឹក្សាភិបាលអស់រយៈពេល ៣០ឆ្នាំ និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Nanyang Holdings Ltd. តាំងពីឆ្នាំ១៩៤៧។

លោក Yung បានកើតក្នុងឆ្នាំ១៩២៣ នៅទីក្រុងស៊ាងហៃ ហើយបានផ្លាស់ទៅទីក្រុងហុងកុងក្នុងឆ្នាំ១៩៤៧។ លោកគឺជាសមាជិកម្នាក់ដែលបានចូលរួមកសាងឧស្សាហកម្មវាយនភណ្ឌរបស់ទីក្រុងហុងកុង ជាពិសេសគឺជាមនុស្សដំបូងគេដែលបានណែនាំម៉ាស៊ីនដែលអាចបង្វិល ត្បាញ និងជ្រលក់ពណ៌ក្នុងទីក្រុងហុងកុង។ ក្នុងឆ្នាំ១៩៨០ លោក Yung បានកាន់តំណែងជាអ្នកដឹកនាំនៅ Shanghai Commercial & Savings Bank ក្នុងទីក្រុងតៃប៉ិ ដែលជាបុត្រសម្ព័ន្ធនៃ Shanghai Commercial Bank ទីក្រុងហុងកុង ហើយក្រោយមកក្នុងឆ្នាំ១៩៩៩ បានបង្កើតសម្ព័ន្ធភាព Three Shanghai Bank ជាមួយ Bank of Shanghai នៅចិនដីគោក ដើម្បីធ្វើឲ្យសេវាធនាគារកាន់តែមានភាពងាយស្រួលក្នុងដែនដីនៃប្រទេសចិនទាំងមូល។ តាមចក្ខុវិស័យរបស់លោក Yung បណ្ដាញធនាគារបានពង្រីកជាសាកល លើសពីដែនដីនៃប្រទេសចិនទៅកាន់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអាស៊ីអាគ្នេយ៍ ហើយក្នុងឆ្នាំ២០២០ បានទិញយកមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្នុងប្រទេសកម្ពុជា ដែលជាសហគ្រាសសង្គមផ្ដោតលើដំណោះស្រាយផ្នែកសេវាកម្មហិរញ្ញវត្ថុ។

លោក Yung ក៏ជាសប្បុរសជនដ៏ពិតប្រាកដម្នាក់ ដោយលោកបាននាំយកឥទ្ធិពលវិជ្ជមានទៅកាន់សហគមន៍នៅទីក្រុងហុងកុង ទីក្រុងតៃវ៉ាន់ និងចិនដីគោក។ តាមរយៈមូលនិធិដែលលោកបានជួយបង្កើត បានជួយទៅយុវជនរាប់ពាន់នាក់នៅជុំវិញពិភពលោកទទួលបានជំនួយ
អាហារូបករណ៍ ដើម្បីបន្ដការសិក្សារបស់ពួកគេ។ មនុស្សជាច្រើននឹងនឹករលឹកគាត់ ហើយស្នាដៃរបស់លោកនឹងត្រូវបានចងចាំជារៀងរហូត។

ក្រុមប្រឹក្សាភិបាលសូមថ្លែងអំណរគុណចំពោះការលះបង់របស់លោក Yung។ សមាជិកក្រុមប្រឹក្សាភិបាល និងបុគ្គលិកទាំងអស់របស់ធនាគារនឹងចងចាំគាត់ជានិច្ច និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះគ្រួសាររបស់គាត់។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់៖

ចាន់ បូរមី
នាយិកានាយកដ្ឋានផ្នែកទីផ្សារនិងទំនាក់ទំនង
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
ទូរសព្ទ: +855 93 554 555
អ៊ីម៊ែល: Boramey.chan@amkcambodia.com