ពានរង្វាន់បាល់ទាត់ អេ អឹម ខេ ២០១៦ វគ្គផ្តាច់ព្រ័ត្រ

   ភ្នំពេញ៖ កម្មវិធីប្រកួតបាល់ទាត់ដើម្បីដណ្តើមពានរង្វាន់ អេ អឹម ខេ ឆ្នាំ២០១៦ បានឈានមកដល់​វគ្គផ្តាច់ព្រ័ត្រហើយ ដែលការប្រកួតត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ទី២៤ ធ្នូ ២០១៦ នៅពហុកីឡាដ្ឋានស្ថាតចាស់។​

       ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៥ខែកន្លងមក អេ អឹម ខេ បានរកឃើញក្រុមជើងខ្លាំងចំនួនពីរក្រុម គឺ ក្រុមការិយាល័យកណ្ដាល និងសាខាកំពង់ថ្ម ដែលនឹងត្រូវឡើងមកប្រកួតដើម្បីដណ្តើមជើងឯកនៅទីលានកងយោធពលខេមរភូមិន្ទ (ស្ថាតចាស់)។ ក្នុងពេលជាមួយគ្នានេះផងដែរ ក៏មានការប្រកួតរវាងក្រុមសាខាតាកែវ និងសាខាកំពតដើម្បីដណ្តើមយកលេខ៣។

      គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ​ អឹម ខេ ភីអិលស៊ី ក្រៅពីជួយ​ដល់ប្រជាពលរដ្ឋក្រីក្រតាម​រយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ សមស្រប អេ​ អឹម ខេ តែងតែបង្កើតបរិយាកាសសប្បាយរីករាយដល់បុគ្គលិករបស់ខ្លួនជាច្រើនដូចជា៖ ការកសាងក្រុមការងារ ការចូលរួមក្នុងសកម្មភាពការងារសង្គមនានា និង ជាពិសេសការលើកទឹកចិត្តបុគ្គលិកទាំងអស់ឲ្យចូលរួមលេងកីឡាគ្រប់ៗ គ្នាដើម្បីលើកកម្ពស់សុខមាលភាព។

      លោក សួន ពិសី នាយកប្រតិបត្តិឥណទាន និងជាប្រធានគណៈកម្មការបាល់ទាត់បានមានប្រសាសន៍ថា “កីឡា​នាំមកនូវសុខភាព និងមិត្តភាព។ អេ អឹ ខេ យល់ឃើញថា ការបង្កើតអោយមានកម្មវិធីប្រកួតបាល់ទាត់នេះឡើងក្នុងគោលបំណងបង្កើតអោយមានភាពរីករាយ ស្និទ្ធស្នាលក្នុងរង្វង់គ្រួសារ អេ អឹម ខេ ហើយថែមទាំងជួយអោយបុគ្គលិកទទួលបានសុខភាពល្អទៀតផង”។ បើយោងតាមលោក​ប្រធានគណៈកម្មការ កម្មវិធីពានរង្វាន់​ឆ្នាំនេះ​គឺមានលក្ខណៈពិសេសជាងរាល់ឆ្នាំ ព្រោះឆ្នាំនេះប្រាក់រង្វាន់លើកទឹកចិត្តនឹងកើនដល់ចំនួន​២លានរៀល​ចំពោះក្រុម​ដែល​ទទួលជ័យលាភីលេខ១។

      អេ អឹម ខេ បានបង្កើតឲ្យមានកម្មវិធីប្រកួតពានរង្វាន់បាល់ទាត់នៅក្នុងឆ្នាំ២០០៨។ មកដល់ពេលនេះគឺមានរយៈពេល​៩ឆ្នាំ​ហើយ។ ក្នុងឆ្នាំ២០១៦នេះ មាន៣១ក្រុមបានចូលរួម តាមរយៈការប្រកួតជម្រុះក្នុងពូល ទាំងជុំទី១ និងជុំទី២ ចុងក្រោយ យើងបានរកឃើញ ២ក្រុម ដែលនឹងធ្វើការប្រកួតផ្ដាច់ព្រ័ត្រនៅព្រឹកថ្ងៃសៅរ៍ទី២៤ ធ្នូ ២០១៦។