អេ អឹម ខេ ឈ្នះពានរង្វាន់អន្តរជាតិកម្រិតតំបន់ «ក្រុមហ៊ុនដែលល្អបំផុតសម្រាប់បំពេញការងារនៅអាស៊ី ឆ្នាំ២០២៥»

 

ភ្នំពេញថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា មានមោទកភាពយ៉ាងក្រៃលែងក្នុងការប្រកាសថា អេ អឹម ខេ ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាព “HR Asia Best Companies to Work for in Asia 2025” ពីស្ថាប័ន HR Asia ដែលជាស្ថាប័នដ៏ល្បីល្បាញបំផុតក្នុងតំបន់អាស៊ី។

ការទទួលបានពានរង្វាន់កម្រិតអន្តរជាតិនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ អេ អឹម ខេ ជានិយោជកឆ្នើមក្នុងតំបន់អាស៊ីដែលបានអនុវត្តកិច្ចការងារធនធានមនុស្សដ៏ល្អពោរពេញដោយធនធានមានទេពកោសល្យ មានការលើកកម្ពស់ការចូលរួមពីបុគ្គលិកគ្រប់ជាន់ថ្នាក់ ក្នុងការកសាង និងរក្សានូវវប្បធម៌ការងារដ៏ល្អប្រសើរដែលផ្តល់អាទិភាពខ្ពស់ទៅលើសុខុមាលភាព ការអភិវឌ្ឍសមត្ថភាព និងការផ្តល់តម្លៃដល់បុគ្គលិកគ្រប់រូប។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានមានប្រសាសន៍ថា «យើងខ្ញុំពិតជាមានកិត្តិយសយ៉ាងក្រៃលែង ដែលត្រូវបានទទួលស្គាល់ដោយស្ថាប័ន HR Asia ថាជាកន្លែងធ្វើការដ៏ល្អបំផុតមួយនៅក្នុងតំបន់អាស៊ី។ ពានរង្វាន់នេះ មិនមែនគ្រាន់តែជាសមិទ្ធផលរបស់គ្រឹះស្ថានប៉ុណ្ណោះទេ ប៉ុន្តែគឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែង និងការលះបង់កម្លាំងកាយចិត្តរបស់បុគ្គលិក អេ អឹម ខេ ទាំងអស់ ក្នុងការបំពេញភារកិច្ចជារៀងរាល់ថ្ងៃ។»

លោកបានបន្ថែមទៀតថា៖ «នៅ អេ អឹម ខេ យើងតែងតែជឿជាក់ថា បុគ្គលិកគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត។ ហេតុដូច្នេះ យើងតែងតែផ្តោតសំខាន់លើការបង្កើតបរិយាកាសការងារប្រកបដោយបរិយាបន្ន ភាពចម្រុះ និងឱកាសស្មើគ្នា ដើម្បីធានាថាបុគ្គលិករបស់យើងមានឱកាសរីកចម្រើនក្នុងអាជីពការងារ ព្រមទាំងមានតុល្យភាពរវាងការងារ និងជីវិតឯកជន។»

ពានរង្វាន់ HR Asia Best Companies to Work For in Asia” ត្រូវបានផ្តល់ជូនដល់ក្រុមហ៊ុនដែលមានការអនុវត្តគោលនយោបាយធនធានមនុស្សដ៏ល្អបំផុតត ដោយឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ចត់លើកត្តាសំខាន់ៗចំនួន ៣ រួមមាន៖

  • ការចូលរួមរបស់បុគ្គលិក (Employee Engagement)
  • វប្បធម៌កន្លែងធ្វើការ (Workplace Culture)
  • និងឱកាសនៃការអភិវឌ្ឍ (Development Opportunities)

ពានរង្វាន់នេះ គឺជាសក្ខីភាពសបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់យើង ក្នុងការអនុវត្តការងារធនធានមនុស្សបានយ៉ាងល្អ ការកសាងវប្បធម៌ការងារដ៏ល្អប្រសើរ និងការផ្តល់តម្លៃដល់បុគ្គលិកគ្រប់រូប។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការធ្វើឱ្យ អេ អឹម ខេ ក្លាយជាកន្លែងធ្វើការដ៏ល្អបំផុត និងប្រកបដោយបរិយាកាសវិជ្ជាជីវៈខ្ពស់។

អេ អឹម ខេ ប្តេជ្ញានឹងបន្តពង្រឹងគោលនយោបាយធនធានមនុស្សរបស់ខ្លួនឱ្យកាន់តែប្រសើរថែមទៀត ដើម្បីក្លាយជា “ជម្រើសទីមួយសម្រាប់បុគ្គលិក” និងបន្តបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។

អំពី អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ មានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខា ១៤៣ និងភ្នាក់ងារទូទាំងប្រទេស។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានសេវាប្រាក់កម្ចី សេវាប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង/ក្រៅប្រទេស សេវាធានារ៉ាប់រងខ្នាតតូច សេវាទូទាត់វិក្កយបត្រ សេវាបើកប្រាក់បៀវត្ស ធនាគារចល័ត AMK Mobile ដែលអាចធ្វើប្រតិបត្តិការស្កេនទូទាត់តាម KHQR ប្រចាំថ្ងៃ និងសេវាផ្សេងៗជាច្រើនទៀត។

ព័ត៌មានផ្សេងៗ

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក