អេ អឹម ខេ និង Lightnet បានសហការគ្នា ដើម្បីធ្វើឲ្យការវេរលុយកាន់តែងាយស្រួលនៅអាស៊ី

អេ អឹម ខេ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន បានសហការ ជាមួយក្រុមហ៊ុន Lightnet ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសសិង្ហបុរី ដើម្បីធ្វើឲ្យប្រសើរឡើងនូវការចល័តហិរញ្ញវត្ថុ និងអាចធ្វើបានទោះបីអតិថិជនមាន ឬមិនមានគណនីធនាគារនៅអាស៊ី។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ អតិថិជនទាំងអស់ ជាពិសេសម្ចាស់អាជីវកម្ម និងពលករកម្ពុជា ដែលធ្វើការក្នុងតំបន់អាស៊ី អាចវេរលុយឆ្លងប្រទេសបានកាន់ងាយស្រួលមកកាន់គណនី អេ អឹម ខេ តាមរយៈកម្មវិធីទូរស័ព្ទ ឬវេរនៅសាខាដោយផ្ទាល់។ សម្រាប់អ្នកទទួលវិញ ពួកគេអាចទៅដកប្រាក់នៅតាមទូអេធីអឹមរបស់ អេ អឹម ខេ នៅសាខាទាំង ១៥០កន្លែង ឬតាមរយៈភ្នាក់ងារជិត ៧០០០កន្លែងទូទាំងប្រទេស។

លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារមានប្រសាសន៍ថា “កិច្ចសហប្រតិបត្តិការរវាង អេ អឹម ខេ និង Lighnet គឺជាគន្លឹះសំខាន់ថ្មីមួយទៀត ដែលជួយឲ្យអតិថិជនវេរប្រាក់ឆ្លងប្រទេសកាន់តែរហ័ស និងមានសុវត្ថិភាព។ ជម្រើសក្នុងការដកប្រាក់ក៏កាន់តែងាយស្រួល ជាមួយនឹងបណ្ដាញ អេ អឹម ខេ ដែលគ្របដណ្ដប់ជាង ៩០% នៃភូមិនៅក្នុងប្រទេសកម្ពុជា។ យើងពិតជាមានសេចក្ដីរីករាយជាមួយនឹងការសហការថ្មីនេះ ហើយវាក៏ជាយុទ្ធសាស្រ្ដមួយរបស់ អេ អឹម ខេ ក្នុងការផ្ដល់នូវដំណោះស្រាយហិរញ្ញវត្ថុតាមបែបឌីជីថល តាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុនអន្ដរជាតិ។ អេ អឹម ខេ នឹងនៅតែខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីផ្ដល់សេវាកម្ម និងផលិតផលដ៏ល្អបំផុតជូនដល់អតិថិជនរបស់យើង។”

លោក Naushad Hussian ប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Lightnet បានមានប្រសាសន៍ថា “យើងពិតជាមានសេចក្ដីរំភើប ដែលបានបាច់ដៃគូយុទ្ធសាស្រ្ដជាមួយ អេ អឹម ខេ ហើយយើងក៏ចង់ប្រកាសថា យើងបានចូលមកក្នុងប្រទេសកម្ពុជាជាផ្លូវការចាប់ពីថ្ងៃនេះតទៅ។ កិច្ចសហប្រតិបត្តិការនេះអនុញ្ញាតឲ្យដៃគូរបស់យើង អាចវេរលុយពីទូទាំងពិភពលោក មកកាន់ អេ អឹម ខេ បានទាំងសាច់ប្រាក់សុទ្ធ និងឥណទានគណនី។”

តើរបៀបវេរលុយគឺប្រព្រឹត្តឡើងយ៉ាងដូចម្តេច? Lightnet គឺជាមជ្ឍមណ្ឌលមួយ ដែលតភ្ជាប់ជាមួយនឹងប្រតិបត្តិករវេរលុយ និងធនាគារសំខាន់ៗនៅក្នុងអាស៊ីអាគ្នេយ៍ ដើម្បីជួយវេរលុយអតិថិជនរបស់ពួកគេ និងមកកាន់ អេ អឹម ខេ នៅក្នុងប្រទេសកម្ពុជា។

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥0កន្លែង និងភ្នាក់ងារជិត ៧,០០០កន្លែង នៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត។

អំពី Lightnet (Singapore) Pte. Ltd

Lightnet គឺជាក្រុមហ៊ុនវេរប្រាក់ឆ្លងប្រទេសមួយ ដែលបានតភ្ជាប់ជាមួយធនាគារ និងប្រតិបត្តិករវេរប្រាក់មានអាជ្ញាបត្រស្របច្បាប់នៅក្នុងប្រទេសផ្សេងៗគ្នា ដោយជួយសម្របសម្រួលការទូទាត់ប្រាក់ឆ្លងប្រទេសរហ័ស សុវត្ថិភាព និងមានការកាពារ។ LNSG គឺជាអាជ្ញាបត្រដែលចេញដោយអាជ្ញាធររូបិយវត្ថុរបស់ប្រទេសសិង្ហបុរី បញ្ជាក់ថាជាស្ថាប័នទូទាត់ប្រាក់ដ៏សំខាន់មួយ។ Lightnet ដើរតួរជាមជ្ឍមណ្ឌលបណ្ដាញហិរញ្ញវត្ថុសហការជាមួយនឹងដៃគូ ដើម្បីតភ្ជាប់រវាងប្រតិបត្តិការធនាគារធម្មតា និងតាមបែបឌីជីថល ដែលអាចអនុវត្ដបានគ្រប់ៗគ្នា។ Lightnet ក៏ផ្ដល់ជូននូវរចនាសម្ព័ន្ធ សម្រាប់ធនាគារផ្សេងៗគ្នា និងប្រតិបត្តិករវេរប្រាក់នៅទូទាំងអាស៊ី ហើយមិនត្រឹមតែមានថ្លៃសេវាទាប ក៏រួមបញ្ចូលទាំងសេវារហ័សផងដែរ។