វឌ្ឍនភាពរបស់គ្រឹះស្ថាន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ អេ អឹម ខេ បានប្តេជ្ញា និងការតាំងចិត្តខ្ពស់ក្នុងការសម្រេចគោលដៅសង្គមរបស់ខ្លួន។ តាមរយៈក្របខណ្ឌការងារគ្រប់គ្រងលទ្ធផលសង្គម អេ អឹម ខេ បានយកចិត្តទុកដាក់ និងផ្តោតលើបេសកម្មរបស់ខ្លួនក្នុងការជួយប្រជាជនកម្ពុជាភាគច្រើន ដែលមានចំណូលទាប។ ក្នុងឆ្នាំ ២០១៨ គ្រឹះស្ថាន​ អេ អឹម ខេ បានប្រារព្ធខួបលើកទី ១៥ ដោយមានការស្វាគមន៍ភាគទុនិកថ្មីគឺ ធនាគារសៀងហៃខមមែសល & សេវីង។

ប្រវត្តិនៃការចាប់ផ្តើមមីក្រូឥណទាន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ អេ អឹម ខេ ភីអិលស៊ី បានចាប់ផ្តើមកម្មវិធីផ្តល់ឥណទានខ្នាតតូចផ្តល់ដោយអង្គការខុនស៊ើន វើលវ៉ាយ ក្នុងទសវត្សរ៍ ១៩៩០។ ក្នុងឆ្នាំ ២០០២ នៅពេលដែលប្រតិបត្តិការមានការរីកចម្រើន គួបផ្សំនឹងតម្រូវការច្បាប់ដោយធនាគារជាតិនៃកម្ពុជា អង្គការខុនស៊ើន បានសម្រេចចិត្តបង្កើតក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុដាច់ដោយឡែកមួយ ដែលក្រោយមកត្រូវបានគេស្គាល់ថាជា អេ អឹម ខេ។ មកដល់ត្រឹមឆ្នាំ ២០០៣ អេ អឹម​ ខេ បានដំណើរការដោយឯករាជផ្តាច់ពីអង្គការខុនស៊ើន វើលវ៉ាយ ហើយបន្ទាប់មកបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាក្នុងឆ្នាំ ២០០៤។

ការអភិវឌ្ឍន៍

ក្នុងឆ្នាំ ២០០៥ គ្រឹះស្ថាន​ អេ អឹម ខេ ទទួលបានប្រាក់ចំណេញពីប្រតិបត្តិការរបស់ខ្លួនជាលើកដំបូង និង បានទទួលការអនុម័តហិរញ្ញប្បទានបំណុលខាងក្រៅលើកដំបូងផងដែរ ហើយក៏បានបង្កើតយន្តការគ្រប់គ្រងលទ្ធផលការងារសង្គមមួយ។ នៅក្នុងឆ្នាំបន្ទាប់ អេ អឹម ខេ ទទួលបានកំណើនយ៉ាងឆាប់រហ័សនៅក្នុងអាជីវកម្មផ្តល់ឥណទានស្នូលរបស់ខ្លួនដោយបានពង្រីកបណ្តាញសាខាទៅគ្រប់ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។

អាជ្ញាប័ណ្ណទទួលបា្រក់បញ្ញើ

ក្នុងឆ្នាំ ២០១០ អេ អឹម ខេ បានចាប់ផ្តើម​ធ្វើការកែសម្រួលជាយុទ្ធសាស្ត្រ ពីអាជីវកម្មដែលផ្តោតតែទៅលើការផ្តល់ឥណទាននៅតាមជនបទ ទៅជាគ្រឹះស្ថានមួយដែលផ្តល់សេវាហិរញ្ញវត្ថុសម្បូរបែបជាងមុន។ យុទ្ធសាស្ត្រនេះគឺមានគោលបំណងក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុ ទៅដល់ប្រជាជនកម្ពុជាដែលពុំមានឱកាសប្រើប្រាស់សេវាធនាគារ ដោយពួកគាត់នៅទីជនបទដាច់ស្រយ៉ាល  ដើម្បីឱ្យពួកគាត់មានឱកាសប្រើប្រាស់សេវាហិរញ្ញវត្ថុក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួនប្រសើរជាងមុន។ ជាលទ្ធផលក្នុងឆ្នាំ ២០១០ អេ អឹម ខេ ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDI)។

ការអភិវឌ្ឍផលិតផល និងសេវាកម្ម

ក្នុងឆ្នាំ ២០១១ និង ២០១២ ជាមួយនឹងការអនុម័តយល់ព្រមពីធនាគារជាតិនៃកម្ពុជា អេ អឹម ខេ បានចាប់ផ្តើមបង្កើតភ្នាក់ងារដែលអាចឱ្យអតិថិជនដាក់ប្រាក់បញ្ញើបានយ៉ាងទូលំទូលាយ។ សេវាកម្មនេះផ្តោតសំខាន់ ជាពិសេសលើគ្រួសារណាដែលពុំអាចមានលទ្ធភាពទទួលបានសេវាកម្ម ពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។

ក្នុងឆ្នាំ ២០១១ គ្រឹះស្ថាន អេ អឹម ខេ បានបញ្ចូលការផ្ទេរប្រាក់ទៅក្នុងសេវាកម្មរបស់ខ្លួននៅគ្រប់សាខា និងភ្នាក់ងារដោយផ្តោតលើទីផ្សារផ្ទេរប្រាក់ក្នុងស្រុកខ្នាតតូច ដោយមានរចនាសម្ព័ន្ធយកថ្លៃសេវាមួយដែលមានភាពប្រកួតប្រជែង។

នវានុវត្តឌីជីថល

ក្នុងឆ្នាំ ២០១៣ គ្រឹះស្ថាន អេ អឹម ខេ បានដាក់ដំណើរការម៉ាស៊ីន អេធីអឹម/ស៊ីឌីអឹម (ATMs/CDMs) ដែលជាសេវាកម្មមួយដែលបន្តិចក្រោយមកត្រូវបានពង្រីកទៅដល់គ្រប់សាខា។

ក្នុងឆ្នាំ ២០១៤ អេ អឹម ខេ បានចាប់ផ្តើមផ្តល់នូវសេវាធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់បុគ្គល (ដោយសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងឯកជនធំបំផុតនៅកម្ពុជា) ដែលភ្ជាប់ទៅនឹងអតិថិជនរបស់ខ្លួន ជាដំណាក់កាលសាកល្បង ដែលបន្ទាប់មកត្រូវបានពង្រីកសេវានេះទូទាំងប្រទេសក្នុងឆ្នាំ ២០១៥។ ជាង ៨០% នៃអតិថិជនរបស់ អេ អឹម ខេ បច្ចុប្បន្នទទួលបានសេវាធានារ៉ាប់រងនេះ និងប្រមាណ ២៥% បានទិញសេវាធានារ៉ាប់រងបន្ថែមសម្រាប់ស្វាមី/ភរិយា/ដៃគូរបស់ពួកគេ។ ក្នុងឆ្នាំដដែលនោះ អេ អឹម ខេ បានចាប់ផ្តើមផ្តោតសំខាន់ទៅលើវិស័យឌីជីថលផងដែរ។ គម្រោងដំបូងនៅក្នុងអាជីវកម្មរបស់យើង គឺការផ្តល់កម្ចីតាមរយៈឌីជីថល។ អេ អឹម ខេ បានអភិវឌ្ឍប្រព័ន្ធកម្ចីតាមបែបឌីជីថលដោយខ្លួនឯង ដែលអាចឱ្យមន្ត្រីឥណទានធ្វើការងារផ្តល់កម្ចីនៅតាមភូមិជាមួយអតិថិជនរបស់ខ្លួនតាមរយៈតាមប្លេត (Tablet) ចល័ត។ បច្ចុប្បន្ន ប្រព័ន្ធនេះមិនត្រឹមតែផ្តល់នូវព័ត៌មានល្អប្រសើរជាងមុនប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យមន្ត្រីរបស់យើងងាយស្រួលក្នុងដំណើរការផ្តល់កម្ចីនៅក្នុង អេ អឹម ខេ ដែលប្រការនេះ អាចកាត់បន្ថយការចំណាយ និងឆ្លើយតបចំពោះសេចក្តីត្រូវការរបស់អតិថិជនប្រសើរជាងមុន។

ក្នុងឆ្នាំ ២០១៩/២០២០ អេ អឹម ខេ បានដាក់បញ្ចូលប្រព័ន្ធធនាគារស្នូលថ្នីរបស់ខ្លួន និងប្រព័ន្ធស្វីស (SWITCH) ដែលអាចឱ្យ អេ អឹម ខេ អនុវត្តន៍ប្រព័ន្ធឌីជីថលរបស់ខ្លួនកាន់តែប្រសើរជាងមុន និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរដ៏ឆាប់រហ័សក្នុងទីផ្សារ។ ប្រព័ន្ធថ្មីនេះ បានដាក់ឱ្យដំណើរការនៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩ នៅគ្រប់សាខា និងតំបន់ប្រតិបត្តិការទាំងអស់របស់គ្រឹះស្ថាន។ ចាប់តាំងពីពេលនោះមក អេ អឹម ខេ បានដាក់ឲ្យដំណើរការផលិតផលឌីជីថលថ្មីៗមួយចំនួន ដូចជា៖ កម្មវិធីធនាគារចល័តរបស់ អេ អឹម ខេ, អេ អឹម ខេ ផេ (ការទូទាត់តាមរយៈលេខកូដឃ្យូអ), កម្មវិធីលើទូរស័ព្ទចល័តណែនាំអតិថិជន ដោយធ្វើសមាហរណកម្មជាមួយភាគីទីបី ដើម្បីធ្វើការសាកល្បងសំណើសុំកម្ចីជាលក្ខណៈឌីជីថល ដោយប្រើប្រាស់ chatbot។ លើសពីនេះ អេ អឹម ខេ បានធ្វើសមាហរណកម្មយ៉ាងពេញលេញជាមួយប្រព័ន្ធបាគង (ដែលជាបច្ចេកវិទ្យាប្លុកឆេន អនុវត្តដោយធនាគារជាតិនៃកម្ពុជា ដែលអនុញ្ញាតឲ្យធនាគារផ្សេងៗដែលមានអាជ្ញាប័ណ្ណអាចប្រើប្រាស់បាន), កម្ពុជាស៊ែរ ស្វិច (Cambodia Share Switch), ការទូទាត់ប្រាក់រហ័ស, និងបានធ្វើសមាហរណកម្មជាមួយអ្នកទូទាត់ប្រាក់ជាង ៣០០ ទីតាំងនៅកម្ពុជា។ អេ អឹម ខេ បានដាក់ដំណើរការសេវាផ្ទេរប្រាក់ក្រៅប្រទេសដំបូងរបស់ខ្លួន ដោយមានលេខស្វីវ (Swift) និងដៃគូផ្សេងៗនៅក្នុងតំបន់។

កិច្ចការពារអតិថិជន

គ្រឹះស្ថាន អេ អឹម ខេ បានអនុវត្តយ៉ាងពេញលេញនូវគោលការណ៍ការពារអតិថិជនរបស់យុទ្ធនាការ SMART CAMPAIGN ដែលជាស្ថាប័នតស៊ូមតិរបស់អតិថិជនអន្តរជាតិដែលបានផ្តល់វិញ្ញាបនប័ត្រដល់គ្រឹះស្ថាន អេ អឹម ខេ ក្នុងឆ្នាំ ២០១៦។ គ្រឹះស្ថាន អេ អឹម ខេ នៅតែបន្តការប្តេជ្ញាចិត្តរបស់ខ្លួនគោរពគោលការណ៍នេះ ហើយបានជាប់ដោយជោគជ័យនូវការពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិក្នុងឆ្នាំ ២០១៨។ បច្ចុប្បន្ន គ្រឹះស្ថាន អេ អឹម ខេ កំពុងទទួលការពិនិត្យដោយស្ថានប័នផ្តល់ចំណាត់ថ្នាក់ឯករាជ្យមួយ ដើម្បីទទួលបានវិញ្ញាបនប័ត្រឡើងវិញ។

លើសពីនេះ គ្រឹះស្ថាន អេ អឹម ខេ បានគោរពនៅក្រមសីលធម៌អនុវត្តដូចខាងក្រោមចំពោះការការពារអតិថិជន ដែលជាប្រទីបបំភ្លឺគោលនយោបាយ និងនីតិវិធីប្រតិបត្តិការរបស់គ្រឹះស្ថាន អេ អឹម ខេ ហើយត្រូវបាន       ពិនិត្យតាមដានតាមរយៈសវនកម្មផ្ទៃក្នុង និងមុខងារគ្រប់គ្រងការងារលទ្ធផលសង្គមរបស់គ្រឹះស្ថាន។