អេ អឹម ខេ ចូល​រួម​លើក​កម្ពស់​វិស័យ​អប់រំ​នៅកម្ពុជា

  ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ចូលរួមឧបត្ថម្ភធំសិក្ខាសាលាស្តីពី “ហេតុអ្វីវិស័យអប់រំមាន​សារៈ​សំខាន់” ដែល ប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០១៧នៅឯសាលសហសិក្សា សម្តេចអគ្គមហាសេនាប តី​តេជោ ហ៊ុន សែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ​(តិចណូ)​ ដែលរៀបចំដោយ Westline Education Group (WEG)។

      វិស័យអប់រំនៅកម្ពុជាមានការីកចម្រើនគួឲ្យកត់សម្គាល់ក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស​សាកល​វិទ្យាល័យ​​ជាច្រើនត្រូវបានបង្កើតឡើងនៅតាមបណ្តាខេត្តមួយចំនួន។ នេះជាហេតុធ្វើឲ្យនិស្សិតក្រីក្រមួយចំនួនមាន​ឱកាសសិក្សា​បន្តរហូត​ដល់ចប់បរិញ្ញាបត្រ។ ជាលទ្ធផលពួកគាត់អាចរកការងារធ្វើនៅក្នុងក្រុមហ៊ុន អង្គការនានា និងវិស័យផ្សេងៗទៀត។

      វិស័យអប់រំត្រូវបានអ្នកជំនាញលើកឡើងថា គឺមានសារៈសំខាន់ណាស់ជួយដល់ការអភិវឌ្ឍន៍ប្រទេស។ ដោយសារតែ​ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសសមាជិក សមាគមអាស៊ីអាគ្នេយ៍ (អាស៊ាន) ទាំង១០។ ដូចនេះ ការអភិវឌ្ឍ​វិស័យ​អប់រំ​គឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះបើយើងពុំមានជំ​នាញគ្រប់គ្រាន់ទេ នោះប្រទេសជិត ខាងរបស់យើង​នឹងដណ្តើម​យកការងារសំខាន់ៗ ដែលទទួលបានប្រាក់បៀវត្សរ៍ខ្ពស់។

      ដោយមើលឃើញ ពីសារៈសំខាន់របស់វិស័យអប់រំ និង ដោយស្របទៅតាមគោលបំណងរបស់ អេ អឹម​ ខេ គឺធ្វើឲ្យសម្រេច​ផ្នែក​​ហិរញ្ញវត្ថុ និងសង្គម។ ដូចនេះហើយទើប អេ អឹម ខេ តែងតែឧបត្ថម្ភ និងគាំទ្រសកម្មភាពសង្គម ជាច្រើនក្នុងពេលកន្លងមក ក្នុងនោះ​ក៏មាន​វិស័យ​អប់រំផងដែរ។

      ថ្លែងនៅក្នុង សិក្ខាសាលា លោក ណាង គីណាល់ នាយកប្រតិបត្តិទីផ្សារ និងទំនាក់ទំនង របស់គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានលើកឡើងថា “ប្រទេសមួយមានការអភិវឌ្ឍខ្លាំង លុះត្រាតែប្រទេសនោះ មានការរីក ចម្រើនលើវិស័យអប់រំ នៅ​ពេលដែលកម្មវិធីសិក្សាស្របទៅនឹងតម្រូវការចាំបាច់ទៅនឹងការអភិវឌ្ឍស្ទើរតែគ្រប់វិស័យ នៅក្នុង ពិភពលោក ជាពិសេស​វិស័យ​បច្ចេក​វិទ្យា។” លោកបានបន្ថែមទៀងថា “អេ អឹម ខេ ចូលរួមឧបត្ថម្ភធំក្នុងកម្មវិធី សិក្ខាសាលានេះ ព្រោះយើងក៏ជាផ្នែកមួយក្នុងការចូលរួម​ចំណែក​​​ក្នុងការ​អភវឌ្ឍវិស័យអប់រំផងដែរក្នុងការ​អភិវឌ្ឍធនធាន មនុស្សនៅកម្ពុជាឲ្យកាន់តែរីកចម្រើន ដើម្បីអាចប្រកួតប្រជែង​ជាមួយ​ប្រទេស​នៅក្នុងតំបន់។”

      គួរម្លឹកផងដែរថា សិក្ខាសាលានេះក៏មានការចូលរួមពី វាគ្មិនជាតិ និងអន្តរជាតិជាច្រើនដែលបានធ្វើបទបង្ហាញពី ប្រធានបទល្អៗផ្នែកវិស័យអប់រំ។ ហើយបទពិសោធន៍ទាំងនោះ ពិតជានឹងជួយធ្វើឲ្យវិស័យអប់រំនៅប្រទេសកម្ពុជា កាន់តែរីកចម្រើនបន្ថែម​ទៀត។

      អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន​ប្រាក់កម្ចី។ គិតត្រឹម​​ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ អេ អឹម​ ខេ មានបុគ្គលិកសរុបជាង ២.៣០០នាក់ អតិថិជនសរុបជាង៥២ម៉ឺននាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់​កម្ចីជាង ១៤៩លានដុល្លារអាមេរិក ការិយាល័យប្រតិបត្តិការចំនួន ១៥២ កន្លែងនៅ​ទូទាំង​ប្រទេស និង មានភ្នាក់ងារ​ជាង​២.៥០០កន្លែង។ អេ អឹម ខេ មានផលិតផល និង សេវាកម្មជាច្រើន កំពុង​ផ្តល់ជូនអតិថិជន ដូចជា សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ សេវាទូទាត់វិក្កយបត្រ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើក​ប្រាក់​បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយ​ស្វ័យ​ប្រវត្តិ (ATMs/CDMs)។