អេ អឹម​ ខេ ធ្វើ​ទំនើ​ប​កម្ម​ប្រព័ន្ធ​ស្វីច (SWITCH) ថ្មី​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​​កំណើន ​​សេចក្តី​ត្រូវ​ការ​​សេវាហិរញ្ញ​វត្ថុ​របស់​អតិថិជន

 ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី នឹងធ្វើទំនើបកម្មប្រព័ន្ធស្វីច (SWITCH) ថ្មី Smart Vista ទូទាំង​ប្រទេស ​ចាប់ពីថ្ងៃទី២៦ មីនា ២០១៨ នេះតទៅ។ ការធ្វើទំនើបកម្មប្រព័ន្ធស្វីច (SWITCH) ថ្មីនេះ គឺក្នុងគោលបំណង ផ្តល់សេវាជូន​អតិថិជន​​របស់យើង​កាន់តែលឿនរហ័សទាន់ចិត្តជាងមុន មានទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ ជាពិសេសជួយ កាត់បន្ថយការកត់ត្រាដោយដៃនៅតាមភ្នាក់ងារ ផ្តល់ភាពងាយស្រួល និងធ្វើប្រតិបត្តិការមានប្រសិទ្ធភាព​ជាងមុន។

            ដើម្បីទុកពេលឲ្យ ក្រុមការងារបស់​យើង​ធ្វើកិច្ចការនេះបានយ៉ាងរលូន នៅមុនថ្ងៃដែលប្រព័ន្ធនេះត្រូវបានផ្លាស់ប្តូរ អេ អឹម ខេ នឹងផ្អាកសេវានៅតាម ការិយាល័យ ម៉ាស៊ីន ATM/CDM និង​ភ្នាក់ងារ ចំនួន៣ថ្ងៃ គឺចាប់ពីម៉ោង៦ល្ងាចថ្ងៃទី២៣ ដល់ ម៉ោង៦ព្រឹកថ្ងៃទី២៦ មីនា ២០១៨។ រាល់​ប្រតិបត្តិការ​ទាំងអស់​នឹងដំណើរ​ការជាធម្មតាវិញ ចាប់ពី​ថ្ងៃទី២៦ មីនា ឆ្នាំ២០១៨ តទៅ។

            គួរឲ្យកត់សម្គាល់ដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អតិថិជន​របស់ អេ អឹម ខេ មានការកើនឡើង​ជា​លំដាប់​។​ ពោលគឺនៅក្នុងឆ្នាំ ២០១៥ អេ អឹម ខេ មានអតិថិជនត្រឹមតែជាង ៤៨ម៉ឺននាក់​ប៉ុណ្ណោះ ប៉ុន្តែចំនួនអតិថិជនមាន​ការកើន​ឡើង​រហូតដល់ជាង៥៨ម៉ឺននាក់ក្នុងឆ្នាំ២០១៦។ គិតត្រឹមខែមីនា ២០១៨ នេះ អតិថិជន អេ អឹម ខេ បានកើនឡើងរហូត​ដល់​ជាង ៦៨ម៉ឺននាក់។

            បើយោងតាមលោក ហួត សុខា ប្រធាននាយកប្រតិបត្តិអាជីវកម្ម (សន្សំ និងបណ្តាញ)បានឲ្យដឹងថា កត្តាអតិថិជន កើនឡើង​ពីមួយ​ឆ្នាំ​ទៅមួយឆ្នាំក៏ជាចំណែកមួយដែលធ្វើឲ្យយើងផ្លាស់ប្តូរប្រព័ន្ធនេះផងដែរ។ លោក សុខា បានលើកឡើងថា ដើម្បីឆ្លើយតប​ទៅនឹងការរីកចម្រើនរបស់បច្ចេកវិទ្យារបស់ពិភពលោក និងជាពិសេសដើម្បីធ្វើឲ្យប្រព័ន្ធប្រតិបត្តិការរបស់យើង​មានប្រសិទ្ធ​ភាព​​​ជាងមុន កាត់បន្ថយការចំណាយ និងដើម្បីបំពេញតម្រូ​វការអតិថិជន ការវិនិយោគទៅលើបច្ចេកវិទ្យាថ្មីៗ​ជាជម្រើស​របស់​យើង។ លោកបានបញ្ជាក់ដូច្នេះថា ការផ្លាស់ប្តូរមកប្រើប្រព័ន្ធស្វីច (SWITCH) ថ្មី Smart Vista នេះវានឹងធ្វើឲ្យ​ប្រព័ន្ធ​ប្រតិ​បត្តិការ អេ អឹម ខេ មានសមត្ថភាព ខ្ពស់ជាងមុន មានភាពងាយស្រួល និងបត់បែន ជាពិសេសវានឹង​ផ្តល់ឱកាសឲ្យយើងបន្ថែម​បណ្តាញ​បានច្រើនជាងមុន ក៏ដូចជាការបង្កើតផលិតផល និងសេវាកម្មថ្មីៗទៀត​ផង។ លោក សុខា សង្ឃឹមថា តាមរយៈប្រព័ន្ធថ្មី នេះភ្នាក់ងារ អេ អឹម ខេ នឹងទទួលអត្ថប្រយោជន៍កាន់តែច្រើន តាមរយៈការបង្កើនផលិតភាពការងារបានប្រសើរជាងមុន មិនតម្រូវអោយគាត់ធ្វើប្រតិបត្តិការដែលកត់ត្រាដោយដៃ និងអាចទទួលបាន ភាពងាយស្រួលជាច្រើនផ្សេងទៀត​។

            អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន​ប្រាក់កម្ចី។ គិតត្រឹម​​ ខែមីនា ឆ្នាំ២០១៨ នេះ អេ អឹម​ ខេ មានវិសាលភាពប្រតិបត្តិការគ្របដណ្តប់៨៩% នៃចំនួនភូមិសរុបទូទាំង ប្រទេស មានបុគ្គលិកសរុបជាង ២.៥០០នាក់ អតិថិជនសរុបជាង៦៨ម៉ឺននាក់ ជាមួយ​នឹង​​ផលបត្រប្រាក់កម្ចីជាង២១៣ លានដុល្លារអាមេរិក ជាមួយការិយាល័យប្រតិបត្តិការចំនួន ១៥០ កន្លែង និង មានភ្នាក់ងារ​ជាង ៣.០០០កន្លែង នៅ​ទូទាំង​ប្រទេស។ អេ អឹម ខេ មានផលិតផល និង សេវាកម្មជាច្រើន កំពុង​ផ្តល់ជូនអតិថិជន ដូចជា សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ សេវាទូទាត់​វិក្កយ​បត្រ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើក​ប្រាក់​បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ ដោយស្វ័យប្រវត្តិ (ATM/CDM)។​