គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ អេ អឹម ខេ ភីអិលស៊ី ត្រូវ​បាន​ទទួល​ស្គាល់​ថា ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ប្រើប្រាស់​ប្រាក់រៀល​ច្រើន​ជាងគេ

Mr. Kea Borann, CEO of AMK receives the recognition from NBC

ភ្នំពេញ៖  គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ត្រូវបាន​ធនាគារ​ជាតិ​នៃ​កម្ពុជា​ទទួលស្គាល់​ ថា​ ​ជា​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុដែល​ធ្វើ​ចរាចរ​ប្រាក់​រៀល​ខ្មែរ​ច្រើន​ជាង​គេ។ ការប្រកាសទទួលស្គាល់នេះធ្វើឡើងនៅក្នុង​ទិវា​អបអរ​សាទរ​ការ​ដាក់​ឲ្យ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ​គម្រប់ ៣៦ឆ្នាំ (ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ១៩៨០ ដល់ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៦) ដែល​ប្រារព្វធ្វើ​ឡើង​នៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៦ កន្លងទៅនេះ នៅ មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC)។ ទិវានេះ​រៀបចំឡើង​ដោយ​ ធនាគារជាតិ​នៃ​កម្ពុជា សហការជាមួយ​សមាគម​ន៍សហគ្រិន​វ័យ​ក្មេង​កម្ពុជា (YEAC)។

      គោល​បំណង​ចម្បង​នៃ​ការ​ប្រារព្វ​ទិវា​នេះ​ គឺ ដើម្បី​រំលឹក​ខួប​នៃ​ការ​ដាក់​ឲ្យ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ  ព្រមទាំង​ដើម្បី​គាំ​ទ្រ​ និង​លើក​ទឹក​ចិត្ត​ឲ្យ​វិស័យ​ឯកជន​ បង្កើន​ការប្រើប្រាស់​ប្រាក់​រៀល​ឡើង​វិញ ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ដោយ​ស្មារតី​ស្ម័គ្រចិត្ត។ ទិវានេះ​ក៏​ជា​វេទិកាដ៏​សំខាន់​មួយ​សម្រាប់​វិស័យ​ពាក់​ព័ន្ធ​នានា ទាំង​ឯកជន​ និង​សាធារណៈ ដើម្បី​ស្វែង​យល់​ពី​សារៈសំខាន់​នៃតួ​នាទី​ប្រាក់​រៀល​ខ្មែរ​ចំពោះ​សេដ្ឋកិច្ច​ និង​សង្គម​ជាតិ ក៏​ដូច​ជា​ចូល​រួម​អនុវត្ត​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ការប្រើប្រាស់​ប្រាក់​រៀល​។

      លោក គា បូរាណ​ ប្រធាន​នាយក​ប្រតិបត្តិ​ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បាន​មាន​ប្រសាសន៍​ ថា អេ អឹម ខេ មាន​មោទនភាព​​បាន​ក្លាយ​ជាគ្រឹះស្ថានដែល​ធ្វើ​ចរាចរ​ប្រាក់​រៀល​ច្រើន​ជា​ងគេ ដែល​នេះ​ជា​ការចូល​រួម​ចំណែក​​ជាមួយ ​រាជរដ្ឋាភិបាល​ក្នុងការលើកទឹកចិត្តប្រើប្រាស់​ប្រាក់​រៀល ដែល​សព្វថ្ងៃនេះ មាន​ត្រឹមតែ ១០% ប៉ុណ្ណោះ​​។  លោកបាន​បន្ថែមថា “ការប្រើប្រាស់ប្រាក់រៀលជួយលើកស្ទួយជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិ”។ លោក គា បូរាណ ​ក៏បាន​បញ្ជាក់​បន្ថែមថា អេ អឹម ខេ នឹង​បន្ត​ប្រឹង​ប្រែង​ជំរុញ​ការប្រើប្រាស់​ប្រាក់​រៀល​នេះ​បន្ត​ទៀត​ ព្រោះ​អតិថិជន​របស់​ អេ អឹម ខេ ភាគច្រើន​ជា​ប្រជាពលរដ្ឋក្រីក្រ​នៅតាម​ជនបទ​ ដូច​នេះ​ពួកគេ​ត្រូវការ​ប្រាក់​រៀល​ខ្មែរ​ជាង​រូបិយប័ណ្ណបរទេស​។ ក្រៅពីការផ្តល់​ប្រាក់​កម្ចីជាប្រាក់​រៀល​ដល់​អតិថិជន អេ អឹម ខេ ក៏ ផ្តោត​ទៅលើ​ការប្រមូល​ប្រាក់​សន្សំ​ជាប្រាក់​រៀល​ផងដែរ។ ជាក់ស្តែង ប្រមាណ​ជិត ៨០% នៃ​កម្ចី របស់​ អេ អឹម ខេ និង ៦៥% នៃ​សមតុល្យ​ប្រាក់​សន្សំសរុប ជា​ប្រាក់​រៀលខ្មែរ គិត​ត្រឹម ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥។

            គួរបញ្ជាក់​ផង​ដែរថា អេ អឹម ខេ មិន​មែន​ត្រឹម​តែ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ប្រើ​ប្រាស់​ប្រាក់​រៀល​ច្រើន​ជាង​គេ​ ប៉ុណ្ណោះ​ទេ ហើយ អេ អឹម ខេ ក៏​ជា​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ ដែលមាន​ចំនួន​អតិថិជនច្រើនជាងគេ​បំផុត​​ផង​ដែរ។