កម្ចី​សម្រាប់​ទឹកស្អាត និង អនាម័យ ពី អេ អឹម ខេ

 រាជធានីភ្នំពេញ៖ អតិថិជននៅខេត្តព្រះវិហារ និងសៀមរាប អស់ក្តីបារម្ភពីការខ្វះខាត ឬគ្មានបង្គន់អនាម័យ និង បញ្ហាទឹក​ស្អាតប្រើប្រាស់ទៀតហើយ ព្រោះ​ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានដាក់ដំណើរការសាកល្បង ប្រាក់កម្ចីសម្រាប់សាងសង់បង្គន់ថ្មី   តបណ្តាញទឹកស្អាត ឬទិញឧបករណ៍ផលិតទឹកស្អាត កាលពីខែតុលា ឆ្នាំ២០១៦។

     ទឹកស្អាត និងអនាម័យនៅតែជាបញ្ហាប្រឈមរបស់ប្រជាជនកម្ពុជា ជាពិសេសអ្នករស់នៅតំបន់ជនបទ។ បើយោង តាមរបាយការណ៍រួមគ្នា របស់អង្គការសុខភាពពិភពលោក (WHO) និងអង្គការយ៉ូនីសេហ្វ (UNICEF) ចេញផ្សាយនៅ ខែ មិថុនា ឆ្នាំ ២០១៥ បានឲ្យដឹងថា ១២% នៃប្រជាជនកម្ពុជាបាន និងកំពុងប្រើប្រាស់ប្រភពទឹកមិនមានសុវត្ថិភាព ហើយ ៤៧%ពុំមានបង្គន់អនាម័យប្រើប្រាស់ត្រឹមត្រូវទេ។ ជាលទ្ធផលធ្វើឲ្យពួកគាត់មានបញ្ហាប្រ​ឈម​ខ្ពស់ទាក់ទងទៅ នឹងសុវត្ថិភាពចំណីអាហារ និងបញ្ហាសុខភាពផ្សេងៗទៀត។ ដូចនេះ ពួកគាត់មានការចំណាយច្រើនទៅលើថ្លៃសេវា ព្យាបាលជំងឺផ្សេងៗដែលតែងតែកើតមានឡើង។ទាំងអស់នេះហើយដែលអាចធ្វើឲ្យពួកគាត់មិនអាចរួចផុតពីភាពក្រីក្រ។

     ដោយមានទស្សនវិស័យ និងបេសកកម្ម ជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើន ក្នុងគោលបំណងធ្វើអោយប្រសើរ ឡើងនូវជីវភាពរស់នៅរបស់ពួកគេ​ តាមរយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប និងឋិតថេរ។ អេ អឹម ខេ តែងតែ បង្កើតផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗដើម្បីបំពេញតម្រូវការ និងជាប្រយោជន៍ដល់អតិថិជនរបស់យើង ជាពិសេស អតិថិជនដែលរស់នៅតំបន់ជនបទដាច់ស្រយាល។ ជាក់ស្តែង អេ អឹម ខេ បង្កើតផលិតផលសម្រាប់ទឹកស្អាត និង អនាម័យនេះឡើង ក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់ប្រជាជនក្រីក្រមានលទ្ធភាពក្នុងការសាងសង់បង្គន់ថ្មី និង តបណ្តាញទឹកស្អាត ឬទិញឧបករណ៍ផលិតទឹកស្អាតគ្រប់ៗគ្នា។ ជាលទ្ធផលសុខមាលភាពរបស់ពួកគាត់ត្រូវបានលើក កម្ពស់ធ្វើឲ្យប្រសើរឡើង ដែលជាកត្តាជួយជំរុញជីវភាពពួកគាត់មានការរីកចម្រើន។

     លោក សួន ពិសី នាយកប្រតិបត្តិឥណទាន នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានលើកឡើងថា “ដោយមើលឃើញពីតម្រូវការ ជាពិសេសកង្វះខាតបង្គន់អនាម័យ និងការប្រើប្រាស់ទឹកស្អាតរបស់ប្រជាជនភាគច្រើន នៅតំបន់ជនបទ អេ អឹម ខេ បានបង្កើតផលិតផលនេះឡើង ក្នុងគោលបំណងលើកកម្ពស់សុខមាលភាពប្រជាជន ក្រីក្រទូទាំងប្រទេសតាមរយៈការប្រើប្រាស់ទឹកស្អាត និងអនាម័យ ដើម្បីជួយកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស កម្ពុជា។” លោក សួន ពិសី បានបញ្ជាក់បន្ថែមដូចនេះថា “នៅពេលដែលពួកគាត់មានបង្គន់អនាម័យ និងទឹកស្អាត ប្រើប្រាស់ គាត់នឹងជៀសផុតនូវជំងឺផ្សេងៗ។ ដូចនេះពួកគាត់មានឱកាស ឬពេលវេលាក្នុងការប្រកបរបររកស៊ីច្រើន ជាងមុន ជាពិសេសពួកគាត់ចំណេញថវិកាពីការចំណាយលើថ្លៃសេវាព្យាបាលជំងឺផ្សេងៗទៀងផង។”

     គួរំលឹកផងដែរថា អេ​​ អឹម ខេ បានចាប់ដៃគូជាមួយអង្គការ វ៉ធើដតអក់ (Water.Org) ដែលជាអង្គការអន្តរជាតិ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដើម្បីជំនួយផ្នែកបច្ចេកទេស និងការគាំទ្រផ្សេងៗក្នុងការបង្កើតផលិតផលថ្មីនេះឡើង ដើម្បីផ្តល់ឱកាសឲ្យប្រជាជនកម្ពុជាមានបង្គន់អនាម័យ និងទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នានៅថ្ងៃអនាគត។ បើយោងតាម លោកនាយកប្រតិបត្តិឥណទាន បានឲ្យដឹងថា ​កម្ចីសម្រាប់ទឹកស្អាត និងអនាម័យនេះ អតិថិជនអាចខ្ចីជាប្រាក់រៀល ដុល្លារ និងបាត ដែលមានទំហំកម្ចីរហូតដល់ ២២លានរៀន ឬ ៥.៥០០ដុល្លារ ឬ ២២ ម៉ឺនបាត។ អតិថិជនអាចធ្វើការខ្ចី និងបង់សងទៅតាមតម្រូវការ គ្រប់ពេលវេលា និងទីកន្លែង ដូចជា៖ តាមផ្ទះអតិថិជន នៅក្នុងភូមិ នៅតាមការិយាល័យ អេ អឹម ខេ ទូទាំងប្រទេស ឬក៏ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០២៣ ២២ ០២ ០២ ឬ ១៨០០ ២០០ ២០០។