ដំណោះស្រាយហិរញ្ញវត្ថុឆ្លាតវៃសម្រាប់កសិករកាហ្វេ និងការអភិវឌ្ឍវិស័យកាហ្វេកម្ពុជា

ភ្នំពេញ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ជាមួយ សមាគមកាហ្វេកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា។ កិច្ចសហការជាយុទ្ធសាស្រ្តមួយនេះ ស្តីពីការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដល់សហគមន៍កសិករ ក្នុងគោលបំណងផ្តល់នូវ ដំណោះស្រាយហិរញ្ញវត្ថុឆ្លាតវៃដល់សហគមន៍កសិកម្ម និងកសិករដាំដំណាំកាហ្វេ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន នៅកម្ពុជា។ នេះជាគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រមួយក្នុងការពង្រឹងវិស័យកសិកម្មនៅកម្ពុជា និងលើកកម្ពស់គុណភាពជីវិតរបស់ កសិករនៅតាមជនបទ។

ស្របពេលដែលវិស័យកាហ្វេនៅកម្ពុជាកំពុងរីកចម្រើន និងទទួលបានការគាំទ្រជាច្រើនពីសំណាក់ប្រជាជនកម្ពុជា កិច្ចសហ ប្រតិបត្តិការនេះជំរុញគាំទ្រដល់កសិករក្នុងការប្រើប្រាស់ធនធានហិរញ្ញវត្ថុចាំបាច់ដើម្បីពង្រីកផលិតកម្ម បង្កើនគុណភាព និង ពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារ។

តាមរយៈកិច្ចព្រមព្រៀងនេះ អេ អឹម ខេ នឹងផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសំដៅលើតម្រូវការហិរញ្ញប្បទានជូនដល់សមាគម និងកសិករដាំកាហ្វេ ក្នុងការអភិវឌ្ឍវិស័យកាហ្វេនៅកម្ពុជាប្រកបដោយនិរន្តរភាព។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថាន អេ អឹម ខេ បានមានប្រសាសន៍ថា «អេ អឺម ខេ ពេញចិត្ត និងរៀបចំខ្លួនរួចរាល់ក្នុងការចាប់ដៃគូជាមួយសមាគមកាហ្វេកម្ពុជាដើម្បីគាំទ្រកសិករកាហ្វេ ដែលជាបេះដូងនៃវិស័យកសិកម្ម នៅកម្ពុជា។ នេះគឺជាជំហានសំខាន់មួយក្នុងការពង្រឹងវិស័យកាហ្វេកម្ពុជា និងធ្វើឱ្យកម្ពុជាក្លាយជាអ្នកផលិតកាហ្វេគុណភាព ខ្ពស់នៅក្នុងតំបន់។ សកម្មភាពនេះនឹងក្លាយជាផលប៉ះពាល់វិជ្ជមានដល់កសិករកាហ្វេរាប់ពាន់គ្រួសារ នៅទូទាំងប្រទេស ជួយពួកគេឱ្យវិនិយោគលើដីធ្លី ប្រើប្រាស់បច្ចេកវិទ្យា ការអនុវត្តកសិកម្មកាន់តែប្រសើរ និងបង្កើនចំណូលក្នុងគ្រួសារ។» លោកបានបន្ថែមថា «កិច្ចសហប្រតិបត្តិការនេះសមស្របនឹងបេសកកម្មរបស់ អេ អឹម ​ខេ ក្នុងការផ្តល់ជូននូវបរិយាបន្នហិរញ្ញវត្ថុ ដើម្បីបន្តពង្រឹងសមត្ថភាពសហគមន៍ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។»

author avatar
Pak Rachana

ព័ត៌មានផ្សេងៗ

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក